
ប្រទេសកាណាដា និងប្លុកតំបន់Caricom នៃបណ្តាប្រទេសសមុទ្រការ៉ាអ៊ីប កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីការចាប់ផ្តើមនៃ«ភាពជាដៃគូយុទ្ធសាស្ត្រ»ដែលគ្របដណ្តប់ទំនាក់ទំនងទ្វេភាគីកាន់តែជិតស្និទ្ធលើពាណិជ្ជកម្ម ការអភិវឌ្ឍ ហិរញ្ញវត្ថុ បរិស្ថាន ការថែទាំសុខភាព និងសន្តិសុខ។
នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ Trinidad និង Tobago លោក Keith Rowley បាននិយាយនៅក្នុងសុន្ទរកថាបិទជាមួយលោក ចាស្ទីន ទ្រូដូ (Justin Trudeau) នាយករដ្ឋមន្ត្រីកាណាដា នៅទីក្រុងអូតាវ៉ាថា៖«យើងអាចទទួលបានផលប្រយោជន៍សន្ធឹកសន្ធាប់ពីការទំនាក់ទំនងជាប្រទេសកាណាដា ដោយបន្ថែមថា អត្ថប្រយោជន៍ គឺមិនត្រឹមលុយប៉ុណ្ណោះទេ ថែមទាំងមានអ្វីៗលើសពីនេះទៅទៀត។
លោក Rowley បាននិយាយថា តំបន់ Caricom អាចទទួលបានអត្ថប្រយោជន៍ពីការគាំទ្ររបស់កាណាដានៅក្នុងវេទិកាអន្តរជាតិ និងទីផ្សារនានា ដែល«មានឥទ្ធិពលលើការសម្រេចចិត្តដែលប៉ះពាល់ដល់យើង» រួមទាំងអ្វីដែលគាត់ហៅថា ការសម្រេចចិត្ត «បំពាន» ដែលធ្វើឡើងដោយមិនគោរពផលប្រយោជន៍របស់តំបន់ការ៉ាអ៊ីប។
រដ្ឋកោះតូចៗនៅតំបន់ការ៉ាអ៊ីបដែលភាគច្រើនមានបំណុលខ្ពស់ និងរងផលប៉ះពាល់មិនសមាមាត្រដោយការប្រែប្រួលអាកាសធាតុ បានអំពាវនាវឲ្យមានភាពងាយស្រួលក្នុងការទទួលបានហិរញ្ញប្បទានអន្តរជាតិ និងសម្រាប់ប្រទេសអ្នកមាន ដើម្បីតាមដានលើការសន្យាផ្តល់មូលនិធិ កាត់បន្ថយការប្រែប្រួលអាកាស ធាតុ។