
កូរ៉េខាងជើងបានគំរាមចាត់វិធានការប្រឆាំងនឹងការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់យោធាអាមេរិក នៅប្រទេសកូរ៉េខាងត្បូង ដោយនិយាយថា គ្រឿងយុទ្ធោបករណ៍យុទ្ធសាស្ត្ររបស់អាមេរិកនេះ គឺជា «គោលដៅដំបូងនៃការបំផ្លិចបំផ្លាញ»។
យន្តហោះទម្លាក់គ្រាប់បែក B-52 ដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែរ បានចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយកងទ័ពអាកាសកូរ៉េខាងត្បូង ហើយបានចុះចតនៅមូលដ្ឋានទ័ពអាកាសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ (ទី១៧ ខែតុលា)។
វិចារណកថាមួយ នៅថ្ងៃសុក្រ (ទី២០ ខែតុលា) នេះ ដោយទីភ្នាក់ងារសារព័ត៌មានមជ្ឈិមរដ្ឋកូរ៉េ បានលើកឡើងថា៖ «នេះគឺជាសកម្មភាពបង្កហេតុសង្គ្រាមនុយក្លេអ៊ែរដោយចេតនារបស់សហរដ្ឋអាមេរិក ដែលបានជំរុញឲ្យមានភាពតានតឹងទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស»។
បទវិចារណកថានោះបានបន្ថែមថា៖ «យុគសម័យ ដែលប្រើសិទ្ធិវាយប្រហារទុកជាមុន «ផ្តាច់មុខ» របស់សហរដ្ឋអាមេរិក បានដល់ទីបញ្ចប់ហើយ។ សហរដ្ឋអាមេរិកនឹងដឹងយ៉ាងច្បាស់ថា ឧបទ្វីបកូរ៉េស្ថិតក្នុងស្ថានភាពនៃសង្រ្គាមដោយស្របច្បាប់ ហើយយុទ្ធោបករណ៍យុទ្ធសាស្ត្ររបស់ខ្លួន ដែលដាក់ពង្រាយនៅក្នុងតំបន់ក្រោមបញ្ជារបស់ខ្លួននេះ គឺជាគោលដៅដំបូងនៃការបំផ្លាញ»។
ថ្មីៗនេះ កូរ៉េខាងជើងបានជំទាស់នឹងការចូលសំចតនៅកំពង់ផែរបស់នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក នៅឯកំពង់ផែកូរ៉េខាងត្បូង៕