
គ្រូពេទ្យប៉ាឡេស្ទីន បានព្យាយាមស្វែងរកអ្នករស់រាននៅក្រោមគំនរបាក់បែកអគាររស់នៅរបស់អ្នកស្រុក ស្របពេលដែលអ្នកកាន់ទុក្ខ បានរៀបចំពិធីបុណ្យសពដល់មនុស្សជាទីស្រលាញ់របស់ពួកគេនៅថ្ងៃសុក្រនេះ ក្រោយការវាយប្រហារតាមច្រកអាកាសកាលពីយប់កន្លងទៅរបស់អ៊ីស្រាអែលលើទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងតំបន់ហ្គាហ្សាស្រ្ទីប ។
អ្នកស្រី Joumana Khreis គឺជាអ្នកស្រុករស់នៅក្នុងទីក្រុង Khan Younis និយាយថា ទីក្រុងមួយនេះ គ្មានសុវត្ថិភាពនោះទេ ក្រោយអ្នកស្រីរស់រានពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ។
អ្នកស្រី Khreis បន្តថា ពួកយើងមិនចង់ទទួលបានជំនួយនោះទេ ពួកយើងចង់បានម្យ៉ាងគត់គឺការបញ្ឈប់ការបំផ្លិចបំផ្លាញ និងបញ្ឈប់ការសម្លាប់ក្មេងៗពេលពួកគេកំពុងដេកលង់លក់នៅពេលយប់ ។ ពួកយើងហត់នឿយណាស់ ។
អ្នកស្រីនិយាយទៀតថា ពួកយើងកំពុងអង្គុយ សើចលេង មុនពេលដែលពួកយើងចូលសម្រាក ពួកយើងបានឮសំឡេងរ៉ុក្កែតពីលើពួកយើង ។ ពួកយើងពុំបានដឹងថាតើមានរឿងអ្វីកើតឡើងនោះទេ អ្នកជិតខាងរបស់ពួកយើងក៏បានមកដល់ នាំពួកយើងចេញក្រៅ ហើយពួកយើងចូលទីជម្រកពីការវាយប្រហារតាមច្រកអាកាស ។ ពួកយើងបានភ្ញាក់ឡើងឃើញការបំផ្លិចបំផ្លាញទាំងអស់នេះ ។ គ្មានសុវត្ថិភាពនោះទេនៅតំបន់មួយនេះ ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលតំបន់ហ្គាហ្សា និយាយថា ជនប៉ាឡេស្ទីនប្រហែល ៣.៥០០នាក់ ត្រូវបានសម្លាប់ ហើយមនុស្ស ១២.០៦៥នាក់ផ្សេងទៀត បានរងរបួស អំឡុងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល លើតំបន់បិទច្រកមួយនេះ ចាប់តាំងពីថ្ងៃទី ៧ ខែតុលារហូតមក ។ ចំណែកឯមនុស្សរាប់សែននាក់ផ្សេងទៀត បានរត់ភៀសខ្លួន ៕