
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានទៅដល់ឧបទ្វីប Sinai របស់ប្រទេសអេហ្ស៊ីបហើយ នៅថ្ងៃសុក្រ (ទី២០ ខែតុលា) ក្នុងកិច្ចប្រឹងប្រែងជួយជំរុញឲ្យមានលំហូរជំនួយចូលទៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែនៅមិនទាន់មានភាពច្បាស់លាស់ទេថា តើនៅពេលណាដែលការដឹកជញ្ជូនសម្ភារៈសង្គ្រោះ ដែលស្តុកទុកនៅប្រទេសអេហ្ស៊ីប នឹងចាប់ផ្តើមដំណើរការនោះ។
សហរដ្ឋអាមេរិកបាននិយាយថា សេចក្តីលម្អិតនៃកិច្ចព្រមព្រៀង ដើម្បីបញ្ជូនជំនួយតាមរយៈការឆ្លងកាត់ព្រំដែន Rafah រវាងឧបទ្វីប Sinai និងតំបន់ហ្គាហ្សា នៅតែកំពុងបន្តធ្វើ។ មុននេះ សហរដ្ឋអាមេរិកបានឲ្យដឹងថា កិច្ចព្រមព្រៀងត្រូវបានឈានដល់ ដើម្បីឲ្យរថយន្តដឹកទំនិញ ២០គ្រឿងដំបូងឆ្លងកាត់ ប៉ុន្តែមន្ត្រី UN និយាយថា ការផ្តល់ជំនួយណាមួយត្រូវធ្វើក្នុងទ្រង់ទ្រាយធំ និងតាមវិធីប្រកបដោយនិរន្តរភាព។
ការឡោមព័ទ្ធ និងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា ដែលបានចាប់ផ្តើមក្នុងទម្រង់សងសឹក ចំពោះការលុកលុយបង្ហូរឈាមរបស់ពួកក្រុមហាម៉ាស ក្នុងប្រទេសអ៊ីស្រាអែល បានបណ្តាលឲ្យវិបត្តិមនុស្សធម៌កាន់តែអាក្រក់ឡើងៗ ក្នុងតំបន់និគមជនប៉ាឡេស្ទីន។ ព្រំដែន Rafah គឺជាច្រកតែមួយគត់ជាមួយតំបន់ហ្គាហ្សា សម្រាប់ការដោះដូរទំនិញ និងការចេញចូលរបស់ប្រជាជន ដែលមិនមានព្រំដែនជាប់អ៊ីស្រាអែល៕