អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងជម្លៀសពលរដ្ឋជាង ២០.០០០នាក់ ចេញពីទីក្រុង Kiryat Shmona ជាទីក្រុងធំបំផុតមួយនៅព្រំដែនភាគខាងជើងរបស់ខ្លួនជាមួយប្រទេសលីបង់ បន្ទាប់ពីមានការបាញ់ប្រហារឆ្លងព្រំដែនយ៉ាងខ្លាំងនៅក្នុងតំបន់នេះ។
ព្រំដែនអ៊ីស្រាអែល-លីបង់ ត្រូវបានគេមើលឃើញថាមានការប៉ះទង្គិចគ្នាញឹកញាប់ ចាប់តាំងពីសង្គ្រាមនៅតំបន់ហ្គាហ្សាបានផ្ទុះឡើងកាលពី ពីរសប្តាហ៍មុន។
អ៊ីស្រាអែល បានប្រកាសរួចហើយនូវតំបន់មួយចំនួននៅតាមបណ្តោយព្រំដែន ជាតំបន់យោធាបិទទ្វារ ដោយបង្ខំឱ្យពលរដ្ឋត្រូវភៀសខ្លួនចេញ ប៉ុន្តែនេះគឺជាការជម្លៀសទ្រង់ទ្រាយធំបំផុតចេញពីតំបន់ភ្នំ នៅតំបន់ Galilee ភាគខាងកើត។

លោក Daniel Hagari អ្នកនាំពាក្យកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយថា ការជម្លៀសបែបនេះ បានធ្វើឡើងរួចហើយនៅក្នុងទីក្រុងមួយចំនួននៅព្រំដែនភាគខាងជើង ដែលអនុញ្ញាតឱ្យកម្លាំង IDF ពង្រីកសេរីភាពប្រតិបត្តិការរបស់ខ្លួន ដើម្បីធ្វើសកម្មភាពប្រឆាំងអង្គការភេរវកម្មក្រុម Hezbollah ។
អំពើហឹង្សាជាប្រចាំនៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ បានបង្កើនការព្រួយបារម្ភថា ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមនិយមហាម៉ាស នៅតំបន់ហ្គាហ្សា អាចឈានដល់ជម្លោះក្នុងតំបន់កាន់តែទូលំទូលាយ។
យោធាអ៊ីស្រាអែល បាននិយាយថា យានដ្រូនមួយគ្រឿងរបស់ខ្លួន បានវាយប្រហារភេរវករម្នាក់នៅក្នុងទឹកដីលីបង់កាលពីពេលយប់ ហើយយោធាបានកំណត់គោលដៅទៅលើយុទ្ធោបករណ៍របស់ក្រុម Hezbollah ក្នុងការឆ្លើយតបទៅនឹងគ្រាប់រ៉ុក្កែតដែលត្រូវបានបាញ់ចេញពីប្រទេសលីបង់៕
