សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីវេលាទៀបភ្លឺថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៣នេះ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុខសុវត្ថិភាព និងជោគជ័យ កាលពីយប់ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងវេទិកា ខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន និង «កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ» នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។
តបតាមការអញ្ជើញរបស់ស្តេច សាលម៉ាន ពិន អាប់ឌុលអាហ្សីស អាល សាអ៊ូឌ (Salman bin Abdulaziz Al Saud) ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន- ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC Summit) ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៣នេះ នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។
បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នាទីក្រុងរីយ៉ាដ នារសៀលថ្ងៃទី២០ តុលា ២០២៣ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានជួបជាមួយ ព្រះអង្គម្ចាស់ មហាម៉េដ ប៊ីន សាល់ម៉ាន់ ប៊ីន អាល់ឌុលឡាហ្ស៊ី អាល់សូដ (Mohammed bin Salman bin Abdulaziz Al Saud) រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត និងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីក្រុងរីយ៉ាដ។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាម មីញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ជួបជាមួយ ឯកឧត្តម Sultan Abdulrahman Al-Marshad នាយកប្រតិបត្តិមូលនិធិសូឌី សម្រាប់ការអភិវឌ្ឍ (Saudi Foundation for Development) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមក្នុង “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” នៅទីក្រុងរីយ៉ាដ។
តាមរយៈជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម គាំទ្រគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី ប្រទេសបី គោលដៅតែមួយ (Three Countries One Destination) ក៏ដូចជាគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការតភ្ជាប់ផ្លូវដែក។
ចំណែកជំនួបជាមួយនាយកប្រតិបត្តិមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ សម្តេចធិបតី និងថ្នាក់ដឹកនាំមូលនិធិសូឌី គាំទ្រគម្រោងនៃការផ្តល់ហិរញ្ញប្បទានដល់កម្ពុជា សម្រាប់អភិវឌ្ឍវិស័យកសិកម្ម និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។
សូមជម្រាបថា កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ពិភាក្សារិះរកមធ្យោបាយនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក រួមមានវិស័យពាណិជ្ជកម្មនិងការវិនិយោគ ទីក្រុងឆ្លាត ថាមពល ការប្រយុទ្ធប្រឆាំងភេរវកម្ម និងទេសចរណ៍ ជាដើម។ កិច្ចប្រជុំកំពូលនេះនឹងអនុម័តលើឯកសារចំនួនពីរ គឺ (១) សេចក្តីថ្លែងការណ៍រួមសម្រាប់កិច្ចប្រជុំកំពូល និង (២) ឯកសារក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (សម្រាប់ឆ្នាំ២០២៤-២០២៨)៕ អត្ថបទ៖ វ៉ន ដារ៉ា




