ប្រជាជនដែលរស់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប កំពុងដាច់ទំនាក់ទំនងជាមួយនឹងពិភពខាងក្រៅ និងសូម្បីតែជាមួយមិត្តភក្តិ និងក្រុមគ្រួសារ នៅតំបន់ហ្គាហ្សា ខណៈដែលពួកគេពិបាកក្នុងការសាកថ្មទូរស័ព្ទចល័តរបស់ខ្លួន ចាប់តាំងពីអ៊ីស្រាអែលបានកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលអគ្គិសនី និងប្រេងឥន្ធនៈដល់តំបន់ឆ្នេរ ដែលត្រូវបានហ៊ុព័ទ្ធនេះ។
ថាមពលអគ្គិសនីប្រហែល ២ភាគ៣ នៅតំបន់ហ្គាហ្សា ទទួលបានការផ្គត់ផ្គង់ពីអ៊ីស្រាអែល។ តែក្រសួងថាមពលរបស់អ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃទី៧ ខែតុលាថា ខ្លួននឹងកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ដើម្បីឆ្លើយតបនឹងការវាយប្រហារបង្ហូរឈាមរបស់ពួកហាម៉ាស ដែលមិនធ្លាប់មានពីមុនមក ដោយឆ្លងកាត់ព្រំដែនដែលមានកំពែងដ៏រឹងមាំចូលទៅក្នុងដែនដីអ៊ីស្រាអែល។

ស្ថានីយថាមពលតែមួយគត់របស់តំបន់ហ្គាហ្សា បានបិទបន្ទាប់ពីអ៊ីស្រាអែលដែលគ្រប់គ្រងការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់តំបន់ហ៊ុំព័ទ្ធនេះ បានកាត់ផ្តាច់ការផ្គត់ផ្គង់។
អ្នកស្រុកនៅតំបន់ហ្គាហ្សា ឥឡូវនេះកំពុងពឹងផ្អែកលើម៉ាស៊ីនភ្លើង ក្នុងគ្រួសារមួយចំនួនតូច និងថាមពលពន្លឺព្រះអាទិត្យ សម្រាប់ការផ្គត់ផ្គង់អគ្គិសនីរបស់ពួកគេ ប៉ុន្តែដោយប្រេងឥន្ធនៈ សម្រាប់ម៉ាស៊ីនភ្លើងកាន់តែពិបាករកទិញ ការផ្គត់ផ្គង់អគ្គិសនីកាន់តែរឹតត្បិតខ្លាំងឡើង។ ពលរដ្ឋ នៅតំបន់ហ្គាហ្សាជាច្រើន ត្រូវប្រើការច្នៃប្រឌិត ដោយខ្លះយកអាគុយរថយន្ត ដើម្បីសាកថ្មទូរស័ព្ទរបស់ខ្លួន៕
