បាតុកររាប់រយនាក់ ដែលគាំទ្រពលរដ្ឋប៉ាឡេស្ទីន បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតអ៊ីស្រាអែល នាទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃសៅរ៍ (ទី២១ ខែតុលា) នេះ ដើម្បីទាមទារឲ្យមានបទឈប់បាញ់ និងបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា។
នៅក្រោមតំណក់ភ្លៀងធ្លាក់ប្រុយៗ ក្រុមអ្នកតវ៉ាបានស្រែកថា «ដោះលែងប៉ាឡេស្ទីន» និង «បញ្ឈប់ភ្លាមអ៊ីស្រាអែល» ខណៈដែលពួកគេបានលើកផ្ទាំងបដារបស់ពួកគេ បរិហារសកម្មភាពរបស់អ៊ីស្រាអែល នៅក្នុងជម្លោះ។

អ្នកចូលរួមបាតុកម្មម្នាក់ឈ្មោះ Zahara Akulkel វ័យ ៦០ឆ្នាំ បាននិយាយថា ជនមូស្លីមប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា បានស៊ូទ្រាំនឹងការជិះជាន់ក្រោមគំនាបរបស់អ៊ីស្រាអែលអស់រយៈពេល ៧៥ឆ្នាំ ប៉ុន្តែហាក់បីដូចជាគ្មាននរណាម្នាក់ខ្វល់ខ្វាយពីទុក្ខលំបាកនេះឡើយ។
ស្ថានទូតអ៊ីស្រាអែលប្រចាំនៅទីក្រុងបាងកក នៅតែមិនបើកទ្វារធ្វើការដដែល តាំងពីថ្ងៃពុធ (ទី១៨ ខែតុលា) ដោយលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខ៕
