វីដេអូដែលថតដោយទីភ្នាក់ងារព័ត៌មាន Reuters បានបង្ហាញពីគ្រាប់មីស៊ីលហោះពត់ពេនយ៉ាងទាប នៅចន្លោះអគារនានា ក្នុងតំបន់ហ្គាហ្សា មុនពេលគ្រប់នោះវាយប្រហារគោលដៅរបស់ខ្លួន នៅព្រឹកថ្ងៃសៅរ៍ (ទី២១ ខែតុលា) ខណៈដែលអ៊ីស្រាអែលនៅតែបន្តទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា ដែលជាការសងសឹកដល់ការវាយប្រហារបង្ហូរឈាមរបស់ពួកសកម្មប្រយុទ្ធហាម៉ាសលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។

ជាមួយគ្នានេះ អ៊ីស្រាអែលបានប្រមូលកងរថក្រោះ និងទាហានឲ្យឈរជើងនៅជិតតំបន់ហ្គាហ្សា ដើម្បីជាការត្រៀមទុក សម្រាប់ផែនការលុកលុយផ្លូវគោក។ បើយោងតាមមន្ត្រីប៉ាឡេស្ទីន បានឲ្យដឹងថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៤.១៣៧នាក់។

អ៊ីស្រាអែល បានប្រាប់ជនស៊ីវិលទាំងអស់រួចហើយឲ្យជម្លៀសចេញពីកណ្តាលភាគខាងជើង នៃតំបន់ហ្គាហ្សាស្ទ្រីប ដែលរួមទាំងទីក្រុងហ្គាហ្សាផងដែរ។ តែយ៉ាងណាមនុស្សជាច្រើន នៅមិនទាន់ចាកចេញនោះទេ ដោយលើកហេតុផលថា ពួកគេខ្លាចថា ពេលចាកចេញហើយ នឹងបាត់បង់អ្វីទាំងអស់ ហើយម៉្យាងវិញទៀត គ្មានកន្លែងណា ដែលមានសុវត្ថិភាព ដើម្បីទៅជ្រកកោននោះទេ៕
