ក្រុមហ៊ុនផលិតស្រាបៀរដ៏ធំបំផុតមួយរបស់ប្រទេសចិន បានឲ្យដឹងថា ខ្លួនបានបើកការស៊ើបអង្កេតមួយ បន្ទាប់ពីវីដេអូ ដែលបង្ហាញឲ្យឃើញពីបុគ្គលិករោងចក្រ កំពុងបន្ទោបង់ទឹកមូត្រ (ម៉ូត) លើគ្រឿងផ្សំដើម ត្រូវបានចែករំលែកតៗគ្នាយ៉ាងឆាប់រហ័ស នៅសប្តាហ៍នេះ។
ឃ្លីបវីដេអូ ដែលត្រូវបានផ្សព្វផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៩ ខែតុលា) ត្រូវបានអះអាងបង្ហាញពីកម្មករបុរស នៅឃ្លាំងស្តុករបស់ក្រុមហ៊ុនផលិតស្រាបៀរ Tsingtao បានតោងឡើងចូលទៅក្នុងកុងតឺន័រ ដែលមានជញ្ជាំងខ្ពស់ រួចបត់ជើងតូចដាក់វត្ថុធាតុនៅក្នុងនោះ។

វីដេអូនេះត្រូវបានគេចែកចាយយ៉ាងទូលំទូលាយ នៅលើបណ្តាញសង្គមរបស់ប្រទេសចិន ដោយមានអ្នកចូលមើលរាប់សិបលាននាក់ នៅលើវេទិកាដ៏ពេញនិយម Weibo។ ក្រុមហ៊ុនស្រាបៀរ Tsingtao បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានទាក់ទងទៅនគរបាលហើយ ពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ ហើយការស៊ើបអង្កេតកំពុងបន្តធ្វើ។
Tsingtao ដែលជាផលិតផលស្រាបៀរធំជាងគេទី២ របស់ប្រទេសចិន គឺជាម៉ាកភេសជ្ជៈដ៏ល្បីមួយរបស់ប្រទេស ហើយស្រាបៀរដបវែងរបស់ក្រុមហ៊ុននេះ គឺជាអ្វី ដែលខ្វះមិនបាន សម្រាប់បារ និងភោជនីយដ្ឋានានា នៅទូទាំងអាស៊ីបូព៌ា៕
