អ្នកស្ម័គ្រចិត្តអេហ្ស៊ីប បាននាំគ្នាស្រែកអបអរ និងគ្រវីទង់ជាតិយ៉ាងរីករាយ ខណៈរថយន្តដឹកជំនួយ ដែលឈរជើងនៅខាងព្រំដែន Rafah របស់អេហ្ស៊ីប ជាមួយតំបន់ហ្គាហ្សា បានធ្វើដំណើរឆ្លងកាត់ហើយ នៅព្រឹកថ្ងៃសៅរ៍ (ទី២១ ខែតុលា) នេះ។

បន្ទាប់ពីមានជម្លោះការទូតជាច្រើនថ្ងៃ ជុំវិញលក្ខខណ្ឌសម្រាប់ការដឹកជញ្ជូនទំនិញសង្គ្រោះ នៅទីបំផុត ឡានដឹកជំនួយមនុស្សធម៌ជាច្រើនគ្រឿង ដែលបានជាប់នៅក្នុងប្រទេសអេហ្ស៊ីប បានចូលតាមច្រកព្រំដែន Rafah ឆ្លងទៅតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានឡោមព័ទ្ធ។
ព្រំដែន Rafah គឺជាផ្លូវដ៏សំខាន់ទាំងនៅក្នុង និងក្រៅតំបន់ហ្គាហ្សាស្ទ្រីប ដែលមិនត្រូវបានគ្រប់គ្រងដោយប្រទេសអ៊ីស្រាអែល ហើយការផ្តោតសំខាន់នៃកិច្ចខិតខំប្រឹងប្រែង គឺការផ្តល់ជំនួយដល់ប្រជាជន ២,៣លាននាក់របស់តំបន់ហ្គាហ្សា។

សូមរំលឹកថា អ៊ីស្រាអែលបានធ្វើការបិទទាំងស្រុង និងបានបើកការវាយប្រហារផ្លូវអាកាសលើតំបន់ហ្គាហ្សា ដើម្បីជាការឆ្លើយតប ចំពោះការវាយប្រហារបង្ហូរឈាមលើដែនដីអ៊ីស្រាអែល ពីសំណាក់ក្រុមហាម៉ាសប៉ាឡេស្ទីន កាលពីថ្ងៃទី៧ ខែតុលា៕
