អ៊ីស្រាអែល ៖ ការតម្រៀបរថក្រោះនិងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀតរបស់អ៊ីស្រាអែល ត្រូវបានឈរជើង នៅតាមទីតាំងនិងត្រៀមព័ទ្ធជុំវិញព្រំដែនហ្កាហ្សា នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ខណៈការវាយលុកថ្មើរជើងរបស់អ៊ីស្រាអែលនៅក្នុងសង្រ្គាម ដែលប្រយុទ្ធនៅតំបន់ហ៊ុមព័ទ្ធជនជាតិប៉ាឡេស្ទីននោះ គឺពិតជាមានលក្ខណៈទ្រង់ទ្រាយធំ។
ក្រុមទាហានអ៊ីស្រាអែល កំពុងត្រៀមយុទ្ធោបករណ៍ ការដឹកគ្រាប់រំសេវ និងស្ដុកទុកស្បៀងអាហារនិងទឹក នៅខាងក្រៅសហគមន៍ បេអើរី (Be’eri) ដែលស្ថិតនៅតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ ពីព្រំដែនជាប់ជាមួយតំបន់ហ្កាហ្សា។
ដោយសារតែមានការវាយប្រហារដ៏បង្ហូរឈាមដោយមិននឹកស្មានដល់របស់ក្រុមសកម្មប្រយុទ្ធហារម៉ាស កាលពីថ្ងៃ៧តុលាមក បានធ្វើឲ្យអ៊ីស្រាអែល ត្រូវប្រមូលផ្តុំកម្លាំងរបស់ខ្លួន ដើម្បីបើកប្រតិបត្ដការជើងគោកចូលទៅក្នុងតំបន់ហ្កហ្សា។
ការកើនឡើងចុងក្រោយបង្អស់នៃជម្លោះជូរចត់និងមានជាច្រើនទសវត្សរ៍មកនេះ បានបណ្ដាលឲ្យស្លាប់មនុស្សជាង៥.០០០នាក់ពីភាគីទាំងពីរ៕
អជ្ញាធសុខាភិបាលប៉ាឡេស្ទិន បាននិយាយថា ជនជាតិប៉ាឡេស្ទីនចំនួន៤.២១៨នាក់ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាថ្មីៗ ដោយក្នុងនោះ ៤.១៣៧នាក់ ស្លាប់ នៅក្នុងតំបន់ហ្កាហ្សា និង៨១នាក់ទៀត នៅក្នុងតំបន់វេសបេង។
ក្រសួងសុខាភិបាលអ៊ីស្រាអែល បានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់១.៤០០នាក់បានស្លាប់នៅខាងភាគីអ៊ីស្រាអែល នៅក្នុងអំឡុងពេលប្រយុទ្ធគ្នាថ្មីៗនេះ។

