អាមេរិក ៖ ក្រុមបាតុកររាប់រយនាក់បានចេញតវ៉ាតាមដងផ្លូវនៃទីក្រុងនានាក្នុងសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ២១ តុលា ដើម្បីទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្កាហ្សា(Gaza) បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស លើអ៊ីស្រាអែលកាលពី ពីរសប្តាហ៍មុន។
ដោយស្រែកថា ដោះលែងប៉ាឡេស្ទីន ព្រមទាំងកាន់បដា និងគ្រវីទង់ជាតិប៉ាឡេស្ទីន ក្រុមបាតុករបានដើរដង្ហែរនៅទីក្រុង តាំផា (Tampa) ជែកស៊ុនវីល (Jacksonville)ឡូស អែនជីឡេស ( Los Angeles ) និង ទីក្រុងប្រុគ្លីន (Brooklyn) ។
លោក អេដា ម៉ាគីក (Aida Mackic) ស្ថិតក្នុងចំណោមបាតុកររាប់រយនាក់ដែលចេញតវ៉ានៅក្នុងក្រុង Tampa បានប្រាប់សារព័ត៌មាន Reuters ថា អ្វីដែលយើងកំពុងជួបប្រទះសព្វថ្ងៃនេះ អ្វីដែលកំពុងកើតឡើងនៅប៉ាឡេស្ទីន គឺជាអំពើប្រល័យពូជសាសន៍ប្រឆាំងប្រជាជនប៉ាឡេស្ទីន។ នេះជាបញ្ហាសិទ្ធិមនុស្ស។
ក្រុមមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ក្រុមហាម៉ាស កំពុងចាប់មនុស្សប្រហែល ២០០នាក់ជាចំណាប់ថ្នូរ បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមប៉ាឡេស្ទីនកាលពីថ្ងៃទី ៧ ខែតុលា នៅក្នុងទឹកដីអ៊ីស្រាអែល នៅពេលដែលពួកសកម្មប្រយុទ្ធនោះ បានសម្លាប់ជនជាតិជនជាតិអ៊ីស្រាអែលប្រហែល ១.៤០០នាក់ ៕

