ចិន ៖ កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសហ្វីលីពីននៅថ្ងៃអាទិត្យនេះ បានបញ្ចេញវីដេអូ នាវាចិនរារាំងទូកហ្វីលីពីនដែលផ្គត់ផ្គង់ដល់កងកម្លាំងនៅក្នុងដែនទឹកមានជម្លោះក្នុងសមុទ្រចិនខាងត្បូង ជាការប្រឈមដាក់គ្នា ចុងក្រោយបំផុត ក្នុងដែនសមុទ្រជាបន្តបន្ទាប់។
កងកម្លាំងពិសេសរបស់ទីក្រុងម៉ានីល ប្រចាំសមុទ្រហ្វីលីពីនភាគខាងលិច បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងម៉ានីល បានឆ្លើយតបដោយថ្កោលទោស ក្នុងកម្រិតម៉ឺងមាត់បំផុត ចំពោះសកម្មភាពរារាំងដ៏គ្រោះថ្នាក់ ពីនាវារបស់ប្រទេសចិន។
សកម្មភាពដ៏គ្រោះថ្នាក់ គ្មានការទទួលខុសត្រូវ និងខុសច្បាប់ របស់ចិនគឺ រំលោភលើអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការ របស់ហ្វីលីពីន។
ឆ្មាំឆ្នេរសមុទ្រចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាហ្វីលីពីន ដែលពុំបានអើពើនឹងការព្រមានម្តងហើយម្តងទៀត បានឆ្លងកាត់មុខនាវារបស់ចិន និង មានចេតនាបង្កបញ្ហា ដែលបណ្តាលឱ្យមានការប៉ះទង្គិចគ្នា ។
ទីក្រុងប៉េកាំង ទាមទារអធិបតេយ្យភាពស្ទើរតែសមុទ្រចិនខាងត្បូងទាំងមូល រួមទាំងផ្នែកខ្លះនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និងឥណ្ឌូនេស៊ី។ តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍កាលពីឆ្នាំ២០១៦ បាននិយាយថា ការទាមទាររបស់ចិនមិនមានមូលដ្ឋានផ្លូវច្បាប់ទេ៕

