អុីស្រាអែល ៖ ពលរដ្ឋប៉ាឡេស្ទីនបាននិយាយថា ពួកគេបានទទួលការព្រមានជាថ្មីពីយោធាអ៊ីស្រាអែល ឲ្យចាកចេញពីភាគខាងជើង តំបន់ហ្កាហ្សា ទៅភាគខាងត្បូង ដោយព្រមានបន្ថែមថា ពួកគេអាចត្រូវបានកំណត់អត្តសញ្ញាណថាជាអ្នកសមគំនិតជាមួយ អង្គការភេរវករ ប្រសិនបើពួកគេបន្តស្នាក់នៅទីនោះទៀត ។
សារនេះត្រូវបានចែកចាយជាខិត្តប័ណ្ណដែលបង្កើតសញ្ញាសម្គាល់ដោយមានឈ្មោះ និងនិមិត្តសញ្ញារបស់កងកម្លាំងការពារអ៊ីស្រាអែលកាលថ្ងៃសៅរ៍ ២១ ខែតុលា ហើយបានផ្ញើទៅកាន់មនុស្សតាមរយៈសារជាសំឡេងតាមទូរស័ព្ទដៃទូទាំងតំបន់ហ្កាហ្សា ជាដែនដីដ៏តូចមួយ ដែលមានប្រវែងបណ្ដោយត្រឹមតែ ៤៥ គីឡូម៉ែត្រប៉ុណ្ណោះ។
ខិត្តប័ណ្ណនោះបាននិយាយថា ការព្រមានជាបន្ទាន់ដល់អ្នករស់នៅក្នុងតំបន់ហ្កាហ្សា។ វត្តមានរបស់អ្នកនៅភាគខាងជើងតំបន់ឆ្នេរវ៉ាឌីហ្កាហ្សា (Wadi Gaza )ធ្វើឱ្យជីវិតរបស់អ្នកស្ថិតក្នុងគ្រោះថ្នាក់។ អ្នក ណាដែលមិនព្រមចាកចេញពីតំបន់ហ្កាហ្សាភាគខាងជើង ទៅកាន់ភាគខាងត្បូង អាចត្រូវបានចាត់ទុកថាជាអ្នកសមគំនិតនៅក្នុងអង្គការភេរវករ។
អ៊ីស្រាអែល បានវាយលុកតំបន់ហ្កាហ្សាដោយការវាយប្រហារតាមអាកាសចាប់តាំងពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានបើកការវាយប្រហារយ៉ាងសាហាវលើទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី ៧ខែតុលា។ អ៊ីស្រាអែលបានប្រមូលផ្តុំកងទ័ពនិងគ្រឿងយុទ្ធោបករណ៍យ៉ាងច្រើននៅតាមព្រំដែនជាមួយតំបន់ហ្កាហ្សា មុនពេលការវាយលុកលើដីដែលគេរំពឹងទុក៕

