ភ្នំពេញ៖ខណៈស្អែកនេះ គឺជាខួប៣២ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៣ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបង្ហាញនូវចំណុចសំខាន់ចំនួន ៣ ចំណុច ទាក់ទងខួប៣២ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនេះ។
ឯកឧត្តមថ្លែងថា ស្អែកនេះ ខួប៣២ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៣ និង សូមជូន ៣ ចំណុច អំពីកិច្ចព្រមព្រៀងនេះ៖ ទី១ គោលការណ៍គ្រឹះធំៗទាំង៤ នៃការដឹកនាំប្រទេសត្រូវបានបញ្ចូលទាំងស្រុងនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ របស់កម្ពុជា ក្នុងនោះ រួមមាន (១). គោលការណ៍អធិបតេយ្យជាតិ និងបូរណភាពទឹកដី (២). រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ (៣). ប្រជាធិបតេយ្យសេរីពហុបក្ស និង (៤). សិទ្ធិសេរីភាពភ្ជាប់ជាមួយនីតិរដ្ឋ។
ទី២ រដ្ឋាភិបាល មានកាតព្វកិច្ចត្រូវអនុវត្ត និងគោរពតាមតែរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣នេះ តែប៉ុណ្ណោះ ចំណែកឯកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនេះ មិនមានសុពលភាពទៀតទេ ក្រោយពីរដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលថ្មីមួយត្រូវបានបង្កើតឡើង តាមស្មារតីនៃកិច្ចព្រមព្រៀងនេះ។
ទី៣ អ្វីដែលកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសសម្រេចបានគឺការបង្កើតនូវមូលដ្ឋានគ្រឹះនៃរបបដឹកនាំរដ្ឋតាមបែបប្រជាធិបតេយ្យទំនើបមួយនៅកម្ពុជា ហើយអ្វីដែលកិច្ចព្រមព្រៀងនេះមិនអាចសម្រេចបាន គឺការបញ្ចប់សង្រ្គាមស៊ីវីលរុំាងរ៉ៃទាំងស្រុងនៅកម្ពុជានាពេលនោះ៕ ដោយ ៖ ដារា

