អាមេរិក ៖ តំណាងពិសេសរបស់អង្គការ យូនីសេហ្វ (UNICEF) ប្រចាំប៉ាឡេស្ទីន លោកស្រី លូស៊ីយ៉ាអេលមី ( Lucia Elmi) បាននិយាយកាលពីថ្ងៃសៅរ៍ថា កុមារមួយលាននាក់នៅតំបន់ហ្កាហ្សា ត្រូវការការការពារ និងជំនួយមនុស្សធម៌ ជាបន្ទាន់ ក្នុងពេលជម្លោះបានបណ្តាលឱ្យកង្វះផ្គត់ផ្គង់ផ្សេងៗ និងតម្រូវការប្រចាំថ្ងៃ ធ្វើឲ្យពលរដ្ឋជាប់ក្នុងតំបន់នោះ ពិសេសកុមារធ្លាក់ក្នុងស្ថានភាពយ៉ាប់យ៉ឺនខ្លាំង។
លោកស្រី បានបញ្ជាក់ថា ការផ្គត់ផ្គង់ដែលទៅដល់តំបន់ហ្កាហ្សា តាមច្រកព្រំដែនរ៉ាហ្វា( Rafah) ពុំ គ្រប់គ្រាន់ឡើយ ស្របពេលការអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់សម្រាប់ការផ្តល់ជំនួយប្រកបដោយនិរន្តរភាពបន្ថែមទៀត ដល់តំបន់រងការឡោមព័ទ្ធមួយនេះ។
កាលពីថ្ងៃសៅរ៍ រថយន្តដឹកទំនិញ២០ គ្រឿង ដែលផ្ទុកដោយជំនួយមនុស្សធម៌បានចូល ទៅដល់តំបន់ហ្គាហ្សា តាមច្រកព្រំដែន Rafah ជាច្រកឆ្លងកាត់ព្រំដែនតែមួយគត់រវាង តំបន់ហ្កាហ្សា ជាមួយអេហ្ស៊ី ប បន្ទាប់ពីការបិទផ្លូវអស់រយៈពេលពីរសប្តាហ៍កន្លងមកនេះ។
យោងតាមក្រសួងសុខាភិបាលនៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនោះមក ប្រជាជនប៉ាឡេស្ទីនសរុប៤.៣៨៥នាក់ បានស្លាប់នៅក្នុងតំបន់នេះ និងប្រហែល ១៣.៥៦០ នាក់ ផ្សេងទៀតបានរងរបួស។
យោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍របស់ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ ការសម្របសម្រួលនៃកិច្ចការមនុស្សធម៌ ប្រជាជនប្រហែល ១.៦ លាននាក់ យ៉ាងហោចណាស់ ៦០ ភាគរយនៃចំនួនប្រជាជនហ្កាហ្សា ត្រូវបានជម្លៀសចេញពីលំនៅឋាន ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តចាប់តាំងពីជម្លោះចុងក្រោយរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល បានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលាមក៕

