ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋចំនួនពីររយគ្រួសារ នៅសង្កាត់ព្រៃស និងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលរងគ្រោះដោយសារទឹកជំនន់ នៅព្រឹកថ្ងៃទី២០ ខែតុលានេះ បានទទួលបានអំណោយមនុស្សធម៌ ពីសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។
អំណោយដែល បងប្អូនប្រជាពលរដ្ឋទទួលបានពីសម្តេចព្រះសង្ឃរាជ បួរ គ្រី នេះរួមមានអង្ករ មី ទឹកត្រី ស្ករស ទឹកស៊ីអ៊ីវ អំបិល ទឹកដោះគោ ទឹកត្រី និងថវិកាមួយចំនួនទៀត។
លោកងួន ស្តេចភក្តី អនុសាកលវិទ្យាធិការនៃពុទ្ធការសាកលវិទ្យាល័យព្រះសីហមនុរាជា តំណាងសម្តេចព្រះសង្ឃរាជ បួរ គ្រី ដែលបានយកអំណោយចែកជូនផ្ទាល់ដល់បងប្អូនរងគ្រោះទឹកជំនន់នោះបាន លើកឡើងថា ការផ្តល់ជូនអំណោយទាំងនេះ គឺកើតឡើងដោយសារទឹកចិត្តអាណិតស្រលាញ់ ក្នុងនាមជាប្រជាជាតិខ្មែរមិនប្រកាន់ឋានៈ បក្ខពួក ឬនិន្នាការនយោបាយអ្វីទាំងអស់។
លោកបន្តថា សម្តេចព្រះសង្ឈរាជ បួរ គ្រី និងសាស្ត្រាចារ្យ បុគ្គលិក សមណនិស្សិត នៃសកលវិទ្យាល័យពុទ្ធការសាកលវិទ្យាល័យព្រះសីហមនុរាជា ទាំងអស់នឹងបន្តជួយប្រជាពលរដ្ឋតាមលទ្ធភាពដែលអាចធ្វើទៅបាន ខណៈបងប្អូនយើងជួបទុក្ខលំបាកដោយសារគ្រោះទឹកជំនន់នេះ។
ជាមួយគ្នានោះដែរ លោក ងួន ស្តេចភក្តីក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់សម្តេចព្រះសង្ឈរាជនេះ ស្ដែងឲ្យឃើញអំពីការជួយគិតគូរ និងក្តីអាណិតស្រលាញ់ ចំពោះប្រជាពលរដ្ឋដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នាទៅវិញទៅមកនៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបទុក្ខលំបាកនោះ។
លោកងួន ស្តេចភក្តី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់នេះ ជាពិសេសគឺកូនតូចៗ ខណៈទឹកជំនន់នៅបន្តលិចលង ហើយបានបណ្តាលឲ្យមនុស្សស្លាប់ និងប៉ះពាល់បងប្អូនប្រជាពលរដ្ឋខ្មែររាប់ម៉ឺនគ្រួសារនោះ៕ អត្ថបទ៖ បាន ចក់


