ពលរដ្ឋប៉ាឡេស្ទីនជាច្រើននាក់បានស្លាប់ នៅតំបន់ហ្កាហ្សាភាគកណ្តាល កាលពីថ្ងៃអាទិត្យ បន្ទាប់ពីអ៊ីស្រាអែល បានបង្កើនការវាយលុករបស់ខ្លួនទៅលើតំបន់ហ៊ុមព័ទ្ធហែកហួរដោយសង្គ្រាម ហើយក្បួនរថយន្តដឹកជំនួយចំនួន១៧គ្រឿងផ្សេងទៀត បានចូលទៅដល់ ខណៈដែនដីដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ ប្រឈមកង្វះខាតដ៍មហន្តរាយ។
ដោយអំពើហិង្សានៅអូសបន្លាយពេលឥតឈប់ឈរ ប្រទេសអ៊ីរ៉ង់និយាយថា តំបន់នេះអាចកើនឡើងជម្លោះខ្ពស់ហួសពីការគ្រប់គ្រង ហើយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានចេញការព្រមានខ្លាំងៗដល់ក្រុមហេសបូឡានៅប្រទេសលីបង់ ដោយនិយាយថាការចូលរួមរបស់ក្រុមនេះ នឹងជាកំហុសដល់អាយុជីវិតរបស់ខ្លួន។

ទីក្រុងវ៉ាស៊ីនតោន បានព្រមានថា អ្នកណាម្នាក់ដែលស្វែងរកការបញ្ឆេះជម្លោះនោះ ខ្លួននឹងមិនស្ទាក់ស្ទើរដើម្បីមានវិធានការក្នុងករណីនៃការរីកធំនៃជម្លោះ។
យោងតាមមន្រ្តីអ៊ីស្រាអែល បានឲ្យដឹងថា ក្រុមសកម្មជនហាម៉ាស់បានសម្រុកឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលាចាប់ផ្តើមការវាយឆ្មក់ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១.៤០០នាក់បានស្លាប់ភាគច្រើនជាជនស៊ីវិល ដែលត្រូវបានបាញ់សម្លាប់ ធ្វើឲ្យរងរបួស ឬដុតដល់ស្លាប់នៅថ្ងៃដំបូង។
ក្រសួងសុខាភិបាលតំបន់ហ្គាហ្សាបាននិយាយថា ប្រទេសអ៊ីស្រាអែល បានវាយបកវិញដោយយុទ្ធនាការបំផ្ទុះគ្រប់បែកឥតឈប់ឈរ ដែលរហូតមកដល់ពេលនេះ បណ្តាលឲ្យពលរដ្ឋប៉ាឡេស្ទីន ៤.៦០០នាក់ស្លាប់៕
