លោកស្រី ជូលៀត តូម៉ា (Juliette Touma) នាយកផ្នែកទំនាក់ទំនងនៅទីភ្នាក់ងារគ្រប់គ្រងជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ (UNRWA) បានប្រាប់សារព័ត៌មាន Reuters ក្នុងតំបន់ហ្កាហ្សាតាមទូរស័ព្ទពីទីក្រុង អាម៉ង់ (Amman) ប្រទេសហ្ស៊កដានី ថា ក្បួនរថយន្តទីពីរដែលមានរថយន្តដឹកជំនួយចំនួន១៤ គ្រឿងបានឆ្លងកាត់ច្រកព្រំដែនរ៉ាហ្វា (Rafah) ពីប្រទេសអេហ្ស៊ីបទៅកាន់តំបន់ ហ្កាហ្សា ដែលត្រូវបានឡោមព័ទ្ធ កាលពីយប់ថ្ងៃអាទិត្យ ។
មុនពេលដឹកជំនួយចូលទៅ អ្នកឃើញហេតុការណ៍បានរាយការណ៍ពីការផ្ទុះ និងស៊ីរ៉ែនរថយន្តសង្គ្រោះបន្ទាន់នៅព្រំដែន។ យោធាអ៊ីស្រាអែលបាននិយាយថា រថក្រោះមួយគ្រឿងក្នុងចំណោមរថក្រោះរបស់ខ្លួនបានវាយប្រហារមូលដ្ឋានមួយកន្លែងរបស់អេហ្ស៊ីបដោយចៃដន្យនៅជិតព្រំដែនជាមួយហ្កាហ្សា។
អ្នកនាំពាក្យកងទ័ពអេហ្ស៊ីប បាននិយាយថា ឆ្មាំព្រំដែនអេហ្ស៊ីបជាច្រើននាក់បានរងរបួសស្រាល បន្ទាប់ពីរងការវាយប្រហារដោយបំណែករថក្រោះរបស់អ៊ីស្រាអែល។ អ្នកមើលឃើញហេតុការណ៍ម្នាក់ និងប្រភពវេជ្ជសាស្រ្តបាននិយាយថា មនុស្សចំនួន៧នាក់បានរងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

កងកម្លាំងការពារជាតិអ៊ីស្រាអែល បង្ហាញការសោកស្ដាយចំពោះឧបទ្ទវហេតុនេះ ដែលកំពុងត្រូវបានស៊ើបអង្កេត ។ប្រភពសន្តិសុខ និងមនុស្សធម៌ បាននិយាយថា នៅក្នុងក្បួនដឹកជំនួយកាលពីថ្ងៃអាទិត្យ មានរថយន្តសរុបប្រហែល ១៩ គ្រឿង ដោយផ្ទុកគ្រឿងបរិក្ខារពេទ្យ និងអាហារ។
ក្បួនរថយន្តទីមួយ មានចំនួន ២០ គ្រឿងនៃការផ្គត់ផ្គង់ដែលចាំបាច់ខ្លាំង បានចូលដល់តំបន់ហ្កាហ្សាកាលពីថ្ងៃសៅរ៍តាមទីក្រុងរ៉ាហ្វា ដែលពីមុនត្រូវបានបិទបន្ទាប់ពីការទម្លាក់គ្រាប់បែកបានវាយប្រហារលើព្រំដែនហ្កាហ្សា និងស្របពេលមានជម្លោះលើលក្ខខណ្ឌសម្រាប់ការផ្តល់ជំនួយ។
ការចែកចាយការផ្គត់ផ្គង់ទាំងនោះបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ប៉ុន្តែក្រុមមន្ត្រីជំនួយនៅតែព្រមានពីគ្រោះមហន្តរាយមនុស្សធម៌ ខណៈការផ្គត់ផ្គង់ស្បៀង ទឹក និងប្រេងឥន្ធនៈមានកម្រិតទាបនៅឡើយ។
មន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា ចាំបាច់ត្រូវមានរថយន្តដឹកជំនួយយ៉ាងហោចណាស់ ១០០គ្រឿង ក្នុងមួយថ្ងៃ ចូលទៅក្នុងតំបន់ហ្កាហ្សា ដើម្បីបំពេញតម្រូវការបន្ទាន់។ មុនពេលផ្ទុះជម្លោះថ្មីចុងក្រោយនេះ រថយន្តដឹកជំនួយរាប់រយគ្រឿងបានទៅដល់តំបន់រងការឡោមព័ទ្ធជារៀងរាល់ថ្ងៃ៕
