ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ និងរុស្ស៊ី បាននិយាយថា រដ្ឋមន្ត្រីការបរទេសមកពីប្រទេសអ៊ីរ៉ង់ ទួរគី និងរុស្ស៊ី នឹងជួបសមភាគីរបស់ពួកគេពីប្រទេសអាស៊ែរបៃហ្សង់ និងអាមេនី នៅទីក្រុងតេអេរ៉ង់ នៅថ្ងៃចន្ទនេះ ហើយពិភាក្សាអំពីការរីកចម្រើនឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសជិតខាងតំបន់កូកាសខាងត្បូង(Caucasus) ទាំងពីរ។

កិច្ចប្រជុំលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី អាមេនី និងអាស៊ែរបៃហ្សង់ បន្ទាប់ពីការវាយលុក កាលពីខែកញ្ញា ដោយកងកម្លាំង Azeri នៅណាហ្គ័រណូ- ការ៉ាបាក់ (Nagorno-Karabakh) ក៏នឹងប្រព្រឹត្តទៅចំពេលមានភាពតានតឹងកើនឡើង នៅមជ្ឈិមបូព៌ា។

ទីភ្នាក់ងារសារព័ត៌មានIRNAបានដកស្រង់សម្តីក្រសួងការបរទេសដោយនិយាយថា ប្រទេសនានាចង់និយាយអំពីបញ្ហាក្នុងតំបន់ «ដោយគ្មានការជ្រៀតជ្រែកពីប្រទេសក្រៅតំបន់ និងប្រទេសលោកខាងលិច»។
នោះគឺជាការនិយាយដោយប្រយោលចំពោះសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលការចូលរួមរបស់ពួកគេក្នុងការស្វែងរកកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេនី និងអាស៊ែរបៃហ្សង់ បានធ្វើឲ្យទីក្រុងម៉ូស្គូមានការខឹងយ៉ាងខ្លាំង។
ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ី បាននិយាយថា រដ្ឋមន្ត្រីការបរទេសលោក សឺហ្គេ ឡាវរ៉ូវ ( Sergei Lavrov) នឹងធ្វើដំណើរទៅកាន់ទីក្រុងតេអេរ៉ង ដើម្បីចូលរួមកិច្ចប្រជុំនេះ៕
