ស្ថាប័នជំនាញដឹកនាំប្រតិភូ និងក្រុមការងារបច្ចេកទេសក្រសួង ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានចំនួន ៣កន្លែង នៅខេត្តត្បូងឃ្មុំ និងកំពង់ចាម។
នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារបច្ចេកទេសក្រសួង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានចំនួន ៣កន្លែង របស់គម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហានទី២ ស្ថិតក្រោមជំនួយហិរញ្ញប្បទានរបស់ធនាគារពិភពលោក។ ក្នុងឱកាសចុះត្រួតពិនិត្យនៅការដ្ឋានផ្ទាល់ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ទីប្រឹក្សា និងអ្នកអនុវត្តគម្រោង ត្រូវបង្កើនការយកចិត្តទុកដាក់ ដោយអនុវត្តតាមបទដ្ឋានបច្ចេកទេស និងជំរុញការងារសាងសង់ឱ្យទាន់ផែនការគ្រោងទុក។

ស្ពានដែលទទួលជំនួយហិរញ្ញប្បទានរបស់ធនាគារពិភពលោកដែលត្រូវសាងសង់នោះ ស្ពានទី១ មានប្រវែង ៣៨ម៉ែត្រ ស្ថិតនៅក្នុងភូមិបឹងកណ្តាល ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ស្ពានទី២ ប្រវែង ៣០,០៩ម៉ែត្រ ស្ថិតនៅភូមិបឹងកណ្តាល ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ស្ពានទី៣ ប្រវែង ៧២, ១៥ម៉ែត្រ ស្ថិតនៅភូមិកំពង់ឪជ្រឹង ឃុំមហាលាភស្រុកកោះសូទិន ខេត្តកំពង់ចាម។

នៅថ្ងៃនោះដែរ, ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តចុះពិនិត្យវឌ្ឍនភាពផ្លូវជួសជុលបន្ទាន់ លើកំណាត់ផ្លូវ ១ខ្សែប្រវែង ៨គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលទទួលរងការខូចខាតធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀង។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យមន្ត្រីបច្ចេកទេសក្រសួង ឱ្យពន្លឿនការជួសជុលបន្ទាន់ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ៕ អត្ថបទ៖ គង់ ឌិន



