យន្តហោះរបស់អ៊ីស្រាអែល បានវាយប្រហារលើបរិវេណព្រះវិហារមួយកន្លែង នៅក្នុងជំរំជនភៀសខ្លួនតំបន់ Jenin កាលពីព្រឹកថ្ងៃអាទិត្យ ដែលយោធាបាននិយាយថា កំពុងត្រូវបានប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដើម្បីរៀបចំការវាយប្រហារ។

វីដេអូ ទទួលបានដោយសារព័ត៌មានរ៉យទ័រ បានបង្ហាញ ប៉មព្រះវិហារអ៊ីស្លាមមួយកន្លែងដែលកំពុងបញ្ឈរ ស្ថិតក្នុងចំណោមកម្ទេចកម្ទីនិងជញ្ជាំង ដែលត្រូវបានបំផ្លាញ។ ពលរដ្ឋប៉ាឡេស្ទីន មិនបញ្ចេញឈ្មោះម្នាក់ រស់នៅក្នុងជំរំបាននិយាយថា ព្រះវិហារនេះ មានអ្នកទៅអាធិដ្ឋានចន្លោះពី២.០០០ ទៅ៣.០០០នាក់អំឡុងថ្ងៃសុក្រ។
ជាមួយគ្នានេះ កាលពីយប់ថ្ងៃអាទិត្យ ការផ្ទុះដ៏ខ្លាំង បានវាយប្រហារនៅតំបន់ហ្កាហ្សាលើតំបន់ហ៊ុមព័ទ្ធ។ ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា និយាយថាពលរដ្ឋប៉ាឡេស្ទីន ២៦៦នាក់ រួមមានទាំងកុមារ១១៧នាក់ បានស្លាប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ។

ដោយអ៊ីស្រាអែលនៅតែបន្តការទម្លាក់គ្រាប់បែកជារៀងរាល់ថ្ងៃ បានបំផ្លាញផ្លូវនៅតំបន់ហ្កាហ្សាយ៉ាងធ្ងន់ធ្ងរ ដែលប៉ាឡេស្ទីន និយាយាថាពួកគេបានទទួលការព្រមានថ្មីពីយោធាអ៊ីស្រអែលឲ្យជម្លៀសខ្លួនចេញពីភាគខាងជើងតំបន់ហ្កាហ្សា ទៅកាន់ភាគខាងត្បូង ដើម្បីបញ្ចៀសតំបន់សង្គ្រាមដ៏ឃោឃៅបំផុត។
អ៊ីស្រាអែល និយាយថាខ្លួនដាក់គោលដៅតែទៅលើក្រុមសកម្មប្រយុទ្ធប៉ុណ្ណោះ ដែលពួកគេតែងតែប្រើប្រាស់អគារពលរដ្ឋរស់នៅជាការលាក់ពួន។