ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រព័ន្ធសម្ពាធទាប ដែលកំពុងមាននៅលើឈូងសមុទ្របេងកាល(Bay of Bengal) ត្រូវបានគេរំពឹងថា នឹងវិវត្តទៅជាព្យុះត្រូពិក និងខ្យល់មូសុងនិរតីនៅលើសមុទ្រអាដាំមែន(Andaman Sea) ដែលវានឹងគ្របដណ្តប់លើឈូងសមុទ្រថៃ ហើយវិវត្តទៅជាប្រព័ន្ធសម្ពាធទាប។ ស្របពេលជាមួយគ្នានេះដែរ ខ្យល់មូសុងភាគខាងត្បូង និងខាងកើត ក៏បានបក់នាំសំណើមក្នុងកម្រិតមធ្យមមកលើតំបន់ខ្ពង់រាប តំបន់ទំនាបកណ្តាល និងតំ បន់មាត់សមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា។
ប្រភពដដែលឱ្យដឹងទៀតថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ទី២៦ ខែតុលា នៅតាមបណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាបដូចជា ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរី ជាដើម នៅតែមានភ្លៀងធ្លាក់បន្តក្នុងកម្រិតពីខ្សោយទៅមធ្យម គ្របដណ្តប់លើផ្ទៃដីពី ៣០ ភាគរយទៅ ៥០ ភាគរយ។
នៅរាជធានីភ្នំពេញ តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល នឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០ ភាគរយទៅ ៦០ ភាគរយ។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពបែបនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀង៕ អត្ថបទ៖ គង់ ឌិន
