ប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ (២២ តុលា) បាននិយាយថា ទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសកាណាដា កំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយ ហើយមាន «ការជ្រៀតជ្រែកជាបន្តបន្ទាប់» ដោយបុគ្គលិកកាណាដា នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ទីក្រុង ញ៉ូវដេលី្ល។

រដ្ឋាភិបាលឥណ្ឌា មានការខឹងសម្បារយ៉ាងខ្លាំង ដែលនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau កាលពីខែមុន បាននិយាយថា ភ្នាក់ងារឥណ្ឌា ប្រហែលជាមានជាប់ពាក់ព័ន្ធក្នុងការសម្លាប់មេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក ក្នុងខេត្តប្រ៊ីធធីស កូឡំប៊ី កាលពីខែមិថុនា ហើយឥណ្ឌាបានបដិសេធការចោទប្រកាន់នេះ។

រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S Jaishankar បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយថា «ទំនាក់ទំនងរវាងឥណ្ឌា និងកាណាដា នៅពេលនេះ កំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយ ប៉ុន្តែបញ្ហាដែលយើងមាននោះ គឺជាបញ្ហាមួយផ្នែកដ៏ជាក់លាក់ជាមួយនយោបាយកាណាដា និងគោលនយោបាយដែលហូរចេញពីនោះផងដែរ»។
ប្រទេសកាណាដា បានដកអ្នកការទូតរបស់ខ្លួនចំនួន ៤១រូប ចេញពីប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ ខណៈទីក្រុងញ៉ូវដែលី្ល បានសម្រេចដកហូតឋានៈការទូតផ្លូវការរបស់ពួកគេជាឯកតោភាគី។
លោកនាយករដ្ឋមន្រ្តី Trudeau បាននិយាយកាលពីថ្ងៃសុក្រថា ការបង្រ្កាបរបស់រដ្ឋាភិបាលឥណ្ឌា លើអ្នកការទូតកាណាដា កំពុងធ្វើឱ្យស្ថានភាពរស់នៅមានការលំបាក សម្រាប់មនុស្សរាប់លាននាក់នៅក្នុងប្រទេសទាំងពីរ៕