យោធារបស់អ៊ីស្រាអែលបាននិយាយថា យន្តហោះរបស់ខ្លួន បានវាយប្រហារទៅលើបន្ទាយរបស់ក្រុមឧទ្ទាម ហេសបូឡា ចំនួនពីរកន្លែង ក្នុងប្រទេសលីបង់ នៅព្រឹកថ្ងៃចន្ទ (២៣ តុលា) នេះ ដែលគ្រោងនឹងបាញ់មីស៊ីលប្រឆាំងរថក្រោះ និងគ្រាប់រ៉ូកែតជាច្រើនឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ខណៈការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅទូទាំងព្រំដែនរបស់ប្រទេសទាំងពីរ។

ក្រុមហេសបូឡា បាននិយាយថា យុទ្ធជនម្នាក់ក្នុងចំណោមអ្នកប្រយុទ្ធរបស់ខ្លួនត្រូវបានសម្លាប់ ដោយមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសលីបង់ NNA បានរាយការណ៍ថា មានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលមួយ ទៅលើជាយក្រុងអៃតារ៉ូន (Aitaroun) ភាគខាងត្បូងប្រទេសលីបង់ ប៉ុន្តែក៏មិនបានផ្តល់ព័ត៌មានលម្អិតផងដែរ។
បន្តិចក្រោយមក អ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារទៅលើគោលដៅរបស់ក្រុមហេសបូឡា បន្ថែមទៀត រួមទាំងបរិវេណ និងប៉ុស្តិ៍សង្កេតការណ៍មួយផងដែរ ហើយមិនទាន់មានរបាយការណ៍ភ្លាមៗអំពីអ្នករបួស ឬការខូចខាតនោះទេ៕