សៀមរាប៖ ប្រាសាទបេងមាលាមានទីតាំងស្ថិតនៅភូមិ បេងមាលា ឃុំ បេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប នាទិសនារតីនៃភ្នំគូលេន និងមានចម្ងាយផ្លូវ ៧៧ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។
ប្រាសាទចំណាស់មួយនេះ បានសំងំក្នុងព្រៃរំលិចដោយសម្រស់ស្រស់ត្រកាលនារដូវវស្សាដែលភ្ញៀវទេសចរពុំគួររំលង។ អមជាមួយដើមឈើធំៗ ប្រាង្គប្រាសាទរុំព័ទ្ធដោយស្លែរបានធ្វើឲ្យប្រាសាទបេងមាលាកាន់តែស្រស់ស្អាតផងដែរ។ បេងមាលាបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តជាតិមកទស្សនា ហើយតែងតែសរសើរមិនដាច់ពីមាត់ថាប្រាសាទចំណាស់នេះពិតស្រស់ស្អាតខ្លាំងបំផុត។
ប្រាសាទបេងមាលាស្ថាបនាឡើងអំពីថ្មភក់និងថ្មបាយក្រៀម មានទ្រង់ទ្រាយប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្ត ដែលអ្នកស្រាវជ្រាវមួយចំនួនយល់ថា ប្រាសាទបេងមាលាជាគំរូសម្រាប់បុព្វបុរសខ្មែរកសាងអង្គរវត្ត។
ប្រាសាទបេងមាលា មានគូទឹកព័ទ្ធជុំវិញមានបណ្តោយប្រវែង ១២០០ ម៉ែត្រ ទទឹង ៩០០ ម៉ែត្រ ដែលជាតំណាងមហាសមុទ្រព័ទ្ធជុំវិញចក្កវាល។ ប៉ុន្តែតាមការស្រាវជ្រាវថ្មីៗ ដោយផ្អែកលើភស្តុតាងនៃការសិក្សាលើវិស័យបដិមាសាស្ត្រនៃប្រវត្តិសិល្បៈ សំណង់ស្ថាបត្យកម្ម ព្រមទាំងសំណង់ប្រាសាទនៅផ្នែកខាងកើត នាំឱ្យអ្នកស្រាវជ្រាវយល់ថាប្រាសាទនេះទំនងជាស្ថាបនាក្រោយអង្គរវត្ត នាភាគខាងចុងនៃសតវត្សទី១២។ ពោលគឺសាងទ្បើងនៅចន្លោះសម័យសាងអង្គរវត្ត និងមុនសម័យសាងបាយ័ន៕










