សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ បានណែនាំប្រជាជនអាមេរិកកុំឲ្យធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីយោធាអាមេរិក និងបុគ្គលិកនៅក្នុងប្រទេសមជ្ឈិមបូព៌ា បានទទួលរងការវាយប្រហារ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

នៅក្នុងការណែនាំនោះ ក្រសួងការបរទេស បានចុះបញ្ជីប្រទេសអ៊ីរ៉ាក់នៅក្រោមកម្រិតខ្ពស់បំផុតលេខ៤ របស់ខ្លួនគឺ កុំធ្វើដំណើរទៅ ដោយសារតែអំពើភេរវកម្ម ការចាប់ពង្រត់ ជម្លោះប្រដាប់អាវុធ និងចលាចលស៊ីវិល។
ការណែនាំ ត្រូវបានចេញ បន្ទាប់ពីក្រសួងការបរទេសកាលពីថ្ងៃសុក្រ បានបញ្ជាឲ្យសមាជិកគ្រួសារទាំងអស់ និងបុគ្គលិករដ្ឋាភិបាលអាមេរិកដែលមិនស្ថិតក្នុងស្ថានភាពគ្រាអាសន្នចាកចេញពីស្ថានទូតអាមេរិករបស់ខ្លួន នៅទីក្រុងបាកដាដ និងស្ថានអគ្គកុងស៊ុលនៅទីក្រុងអឺប៊ីល ( Erbil) ជុំវិញការគំរាមកំហែងផ្នែកសន្តិសុខដែលផ្តោតលើមន្ត្រីរដ្ឋាភិបាល និងផលប្រយោជន៍របស់អាមេរិក។

ការណែនាំដដែល បានឲ្យដឹងទៀតថា៖«ពលរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ប្រឈមនឹងហានិភ័យខ្ពស់ចំពោះសុវត្ថិភាព និងសន្តិសុខរបស់ពួកគេ រួមទាំងលទ្ធភាពអំពើហិង្សា និងការចាប់ជំរិត»។