អ្នកវិភាគម្នាក់បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា គណបក្សសាធារណរដ្ឋ ដែលកំពុងបែកបាក់គ្នាយ៉ាងជូរចត់ នឹងប្រឈមមុខនឹងការប្រយុទ្ធគ្នាដ៏ខ្លាំងមួយ ដើម្បីបង្រួបបង្រួមបេក្ខជនសម្រាប់តំណែងប្រធានសភាតំណាងរាស្រ្តអាមេរិក នៅពេលពួកគេជួបប្រជុំគ្នាដើម្បីតែងតាំងបេក្ខជនមួយរូប នៅថ្ងៃចន្ទ (២៣ តុលា) នេះ។

លោកស្រី Elaine Kamarck សមាជិកជាន់ខ្ពស់នៅវិទ្យាស្ថាន ប្រ៊ូកឃីងស៎ (Brookings) បាននិយាយកាលពីថ្ងៃអាទិត្យ (២២ តុលា) ថា បេក្ខជនទាំងប្រាំបួននាក់ ត្រូវបានបែងចែកយ៉ាងស្មើៗគ្នារវាងពួកកណ្តាលនិយម និងក្រុមស្តាំនិយមជ្រុលនៃគណបក្សដែលចង់បិទរដ្ឋាភិបាល។

លោក ជីម ជោឌែន (Jim Jordan) ដែលជាអ្នកអភិរក្សនិយម គឺជាសមាជិកសភាចុងក្រោយ ដែលត្រូវបានតែងតាំងសម្រាប់តំណែងនេះ ប៉ុន្តែលោកមិនអាចទទួលបានសម្លេងពីសមាជិកគណបក្សសាធារណរដ្ឋគ្រប់គ្រាន់ ដើម្បីគាំទ្រលោកនៅក្នុងការបោះឆ្នោតសភាពេញអង្គ ហើយពេលនេះ លោកមិនមែនជាបេក្ខជនសម្រាប់តំណែងប្រធានសភានេះទៀតនោះទេ។
លោកស្រី Kamarck បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា ដំណើរការនៃការជ្រើសរើសប្រធានសភា សម្រាប់បន្តតំណែងបន្ទាប់ពីអ្នកតំណាងរាស្រ្ត និងអតីតប្រធានសភា លោក Kevin McCarthy បានធ្វើឱ្យរដ្ឋាភិបាលស្ថិតក្នុងស្ថានភាពមិនអាចឆ្ពោះទៅមុខបាន ហើយបានធ្វើឱ្យមាន «សង្រ្គាមស៊ីវិល» នៅក្នុងចំណោមគណបក្សសាធារណរដ្ឋផងដែរ៕