យោងតាមអ្នកនាំពាក្យរបស់អាជ្ញាធរសុខាភិបាលដែនដីហ្កហ្សា បាននិយាយកាលពីថ្ងៃអាទិត្យ (២២ តុលា) ថា មន្ទីរពេទ្យទាំងអស់នៅទូទាំងតំបន់ហ្កាហ្សា ស្ទ្រីប បានអស់ស្តុកប្រេងឥន្ធនៈបម្រុង ដែលធ្វើឲ្យជីវិតអ្នកជំងឺរាប់ពាន់នាក់ប្រឈមនឹងហានិភ័យ ព្រមទាំងធ្វើឱ្យស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងររួចទៅហើយនៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ កាន់តែអាក្រក់ទៅៗ។

បន្ទាប់ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា អ៊ីស្រាអែលបានបិទច្រកព្រំដែនពីររបស់ខ្លួនជាមួយតំបន់ហ្កាហ្សា ហើយបានដាក់ «ការឡោមព័ទ្ធទាំងស្រុង» លើដែនដីនេះ ដោយរារាំងការផ្គត់ផ្គង់ប្រេងឥន្ធនៈ អគ្គិសនី និងទឹកផងដែរ។ បញ្ហានេះបានបង្ខំឱ្យមន្ទីរពេទ្យនៅទូទាំងតំបន់ហ៊ុមព័ទ្ធ ដែលពឹងផ្អែកលើអ៊ីស្រាអែលប្រហែល២ ភាគ៣ នៃអគ្គិសនីរបស់ខ្លួន បង្វែរការពឹងផ្អែកលើប្រេងឥន្ធនៈបម្រុងសម្រាប់ប្រតិបត្តិការសង្រ្គោះជនរងគ្រោះ។

អ្នកនាំពាក្យអាជ្ញាធរសុខាភិបាលនៃតំបន់នេះបាននិយាយថា ជំនួយផ្គត់ផ្គង់វេជ្ជសាស្រ្ត ដែលទើបមកដល់ថ្មី គឺមិនទាន់គ្រប់គ្រាន់ក្នុងការបំពេញតម្រូវការ ដែលកំពុងកើនឡើងរបស់ពលរដ្ឋហ្កាហ្សានៅឡើយទេ ហើយយន្តការជំនួយមនុស្សធម៌បច្ចុប្បន្ន បានបរាជ័យក្នុងការនាំមកនូវការផ្លាស់ប្តូរដ៏មានអត្ថន័យចំពោះវិបត្តិមនុស្សធម៌នៃទឹកដីនេះ។
អង្គការសុខភាពពិភពលោក (WHO) បានព្រមានកាលពីថ្ងៃទី១២ ខែតុលា ថា ប្រព័ន្ធសុខាភិបាលនៅតំបន់ហ្កាហ្សា គឺស្ថិតនៅ «ចំណុចមិនអាចគ្រប់គ្រងបាន»។ អាជ្ញាធរសុខាភិបាលរបស់ដែនដីនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់របស់ជនជាតិប៉ាឡេស្ទីន ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា បានកើនឡើងដល់ជាង ៤.៦៥១នាក់ និងមនុស្សជាង ១៤.២៤៥នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ៕