ប្រជាជនស្វីស មើលទៅហាក់ដូចជាបានផ្លាស់ប្តូរទៅគាំទ្របក្សស្តាំនិយម ក្នុងការបោះឆ្នោតជាតិ កាលពីថ្ងៃអាទិត្យ (២២ តុលា) ខណៈកង្វល់អំពីបញ្ហាអន្តោប្រវេសន៍ មានច្រើនជាងកង្វល់ពីបម្រែបម្រួលអាកាសធាតុ និងការរលាយផ្ទាំងទឹកកក ទោះបីជាការបោះឆ្នោតទំនងជាមិនផ្លាស់ប្តូរសមាសភាពរដ្ឋាភិបាលស្វីសក៏ដោយ។

គណបក្សស្តាំនិយមស្វីស (SVP) ដែលជាគណបក្សនយោបាយដ៏ធំបំផុតរបស់ប្រទេសនេះ បានបង្កើនសម្លេងគាំទ្រសម្រាប់ការបោះឆ្នោតរបស់ខ្លួនដល់ចំនួន ២៩ភាគរយ ដែលកើនឡើងចំនួន ៣,៤ភាគរយ ខ្ពស់ជាងការបោះឆ្នោតចុងក្រោយក្នុងឆ្នាំ២០១៩ នេះបើយោងតាមការព្យាករចុងក្រោយដោយទូរទស្សន៍ SRF របស់ប្រទេសស្វីស។

គណបក្សនេះ បានធ្វើយុទ្ធនាការលើវេទិកាទប់ស្កាត់ចំនួនប្រជាជនរបស់ប្រទេស ដែលបច្ចុប្បន្នមានចំនួន ៨,៧លាននាក់ មិនឲ្យលើសពី ១០លាននាក់នោះទេ។ មេដឹកនាំគណបក្ស SVP លោក Marco Chiesa បាននិយាយថា «យើងកំពុងមានបញ្ហាជាមួយការធ្វើអន្តោប្រវេសន៍ ជនអន្តោប្រវេសន៍ខុសច្បាប់ និងបញ្ហាសុវត្ថិភាពនៃការផ្គត់ផ្គង់ថាមពល។
ប្រទេសស្វីស មានភាពចលាចលលើបញ្ហាសិទ្ធិជ្រកកោនរួចទៅហើយ ហើយចំនួនប្រជាជន ១០លាននាក់ នៅក្នុងប្រទេសស្វីស គឺជាប្រធានបទដែលយើងពិតជាត្រូវដោះស្រាយ»។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសស្វីស បានទទួលជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ រួមទាំងអ្នកធ្វើអន្តោប្រវេសន៍ខុសច្បាប់ ដែលនាំឲ្យរដ្ឋាភិបាលរបស់ប្រទេសជួបបញ្ហាក្នុងការដោះស្រាយ ហើយក៏បានដាក់បន្ទុកលើសេដ្ឋកិច្ចផងដែរ៕