នគរបាលអង់គ្លេសបាននិយាយកាលពីថ្ងៃអាទិត្យ (២២ តុលា) ថា ជនរងគ្រោះទីបួនបានស្លាប់ក្នុងប្រទេសអង់គ្លេស ក្នុងអំឡុងពេលព្យុះមួះយបានវាយលុកចក្រភពអង់គ្លេស និងអឺរ៉ុបខាងជើង ជាមួយនឹងខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារព្យុះឈ្មោះ បាបេត (Babet) ដែលបានដាក់ដោយការិយាល័យឧតុនិយមរបស់ចក្រភពអង់គ្លេស កើនឡើងដល់ ៥នាក់ រួមទាំងការស្លាប់មួយករណីនៅប្រទេសអាល្លឺម៉ង់ផងដែរ។

នៅប្រទេសអង់គ្លេស បុរស និងស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវទឹកជំនន់ហូរនាំយកទៅ និងបុរសម្នាក់ទៀតបានស្លាប់ពេលដើមឈើរលំសង្កត់លើរថយន្តរបស់ខ្លួន ហើយស្ត្រី វ័យ៨០ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់នៅផ្ទះ ដែលការស្លាប់នោះត្រូវបានផ្សារភ្ជាប់ទៅនឹងទឹកជំនន់នៅក្នុងតំបន់ផងដែរ។

នៅប្រទេសអាឡឺម៉ង់ ស្ត្រីវ័យ៣៣ឆ្នាំម្នាក់ បានស្លាប់នៅពេលដែលដើមឈើមួយដើ មបានធ្លាក់លើរថយន្តរបស់ខ្លួន នៅលើកោះ ហ្វេសម៉ាន (Fehmarn) នៃសមុទ្របាល់ទិក កាលពីថ្ងៃសុក្រ។
ទឹកជំនន់ដ៏អាក្រក់បំផុតមួយចំនួន គឺកើតឡើងនៅភាគខាងកើតដែនដីស្កុតឡែន ជាទីដែលប្រជាជនជាង ៣០០គ្រួសារត្រូវបានជម្លៀសចេញ។ អាកាសធាតុបានស្ងប់ស្ងាត់បន្តិចកាលពីថ្ងៃអាទិត្យ ប៉ុន្តែទឹកជំនន់នៅតែបន្តបង្កឱ្យមានការរំខានដល់ការធ្វើដំណើរតាមផ្លូវ និងផ្លូវដែកឆ្លងកាត់តំបន់ដ៏ធំមួយ នៃភាគកណ្តាល និងភាគខាងជើងនៃប្រទេសអង់គ្លេស។
ទីភ្នាក់ងារបរិស្ថានបានចេញការព្រមានទឹកជំនន់ជាង ២០០ដង សម្រាប់ផ្នែកខ្លះនៃប្រទេសអង់គ្លេស ហើយបាននិយាយថា ទន្លេសំខាន់ៗអាចនៅតែជន់លិចរហូតដល់ថ្ងៃអង្គារខាងមុខនេះផងដែរ៕