
មជ្ឈមណ្ឌលបណ្តុះបណ្តាលជាច្រើននៅទីក្រុង កូតា ភាគខាងជើងប្រទេសឥណ្ឌា កំពុងប្រឈមនឹងបទប្បញ្ញត្តិកាន់តែតឹងរ៉ឹង បន្ទាប់ពីការកើនឡើងនៃចំនួនសិស្សធ្វើអត្តឃាត ដែលមូលហេតុភាគច្រើននៃការធ្វើអត្តឃាតរបស់សិស្សទាំងនោះ គឺមកពីសម្ពាធពីការសិក្សា។
អ្នកយកព័ត៌មានរបស់សារព័ត៌មាន BBC បានសម្ភាសន៍ជាមួយសិស្ស ដែលបានធ្វើដំណើរទៅទីក្រុងកូតា ក្នុងការទទួលបានការសិក្សាដើម្បីជួយពួកគេឱ្យប្រឡងចូលមហាវិទ្យាល័យល្បីៗ ហើយបានរកឃើញថា មនុស្សជាច្រើនមានអារម្មណ៍ថា មានសម្ពាធយ៉ាងខ្លាំងក្នុងការទទួលបានជោគជ័យលើការប្រឡងចូលសាកលវិទ្យាល័យទាំងនោះ។
សិស្សវ័យ ២១ឆ្នាំម្នាក់ បានប្រាប់សារព័ត៌មាន BBC ថា ខ្លួនបានបរាជ័យក្នុងការប្រឡងចូលមហាវិទ្យាល័យវេជ្ជសាស្ត្រចំនួនបីដងរួចមកហើយ។ សិស្សរូបនោះសង្ឃឹមថា ការសិក្សានៅមជ្ឈមណ្ឌលបង្វឹក ដែលមានតម្លៃថ្លៃនៅទីក្រុង ក្នុងរដ្ឋរាជស្ថាន (Rajasthan) ភាគខាងជើងប្រទេសឥណ្ឌា នឹងធ្វើឱ្យខ្លួនឆ្លងកាត់ការប្រឡងសាកល្បងបានដោយជោគជ័យ។
ទីក្រុងនេះ ភ្ជួរផ្ទាំងប៉ាណូធំៗដែលមានឈ្មោះ រូបភាព និងចំណាត់ថ្នាក់របស់សិស្សជោគជ័យ។ សិស្សជាង ២០០.០០០នាក់ ខ្លះអាយុ ១៣ឆ្នាំ ក៏បានទៅទីនោះដើម្បីសិក្សា និងរស់នៅតាមផ្ទះសំណាក់ ឬកន្លែងជួលឯកជនផ្សេងៗផងដែរ។
ទីក្រុងកូតា ទទួលបានភាពល្បីល្បាញសម្រាប់មជ្ឈមណ្ឌលអប់រំរបស់ខ្លួន ដែលត្រូវបានរចនាឡើងដើម្បីបង្វឹកសិស្សវ័យក្មេង សម្រាប់ការប្រឡងចូលដែលមានការប្រកួតប្រជែងខ្ពស់របស់ប្រទេសឥណ្ឌា ទៅកាន់មហាវិទ្យាល័យវេជ្ជសាស្ត្រ និងវិស្វកម្មដ៏ល្អបំផុត។ ទីក្រុងនេះមានមជ្ឈមណ្ឌលបង្វឹកធំៗចំនួន ១២ស្ថាប័ន និងយ៉ាងហោចណាស់មានមជ្ឈមណ្ឌលរូចៗជាង ៥០ទីតាំងផ្សេងទៀតផងដែរ៕