
តាមធម្មតាទីក្រុង Sderot ស្ថិតនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល គឺជាទីក្រុងសហគមន៍មានពលរដ្ឋរស់នៅប្រហែល ២៤.០០០នាក់ ប៉ុន្តែទីក្រុងមួយនេះ បានប្រែក្លាយជាទីក្រុងខ្មោចនៅថ្ងៃចន្ទនេះ ក្រោយពេលដែលប្រជាពលរដ្ឋជម្លៀសខ្លួនចេញ ក្រោមបទបញ្ជារបស់រដ្ឋាភិបាល ។
ទីក្រុងមួយនេះ ស្ថិតនៅក្នុងចំណោមទីក្រុងជិតបំផុតនឹងព្រំដែនជាមួយតំបន់ហ្គាហ្សា ជាទីដែលអ៊ីស្រាអែលចុះយុទ្ធនាការយោធាប្រឆាំងនឹងក្រុមជីវពលហាម៉ាស់ ។
ទីក្រុង Sderot បានក្លាយជាគោលដៅវាយប្រហារដោយគ្រាប់រ៉ុក្កែតជាច្រើនចេញពីតំបន់ហ្គាហ្សា ហើយបានក្លាយជាគោលដៅវាយប្រហាររបស់ក្រុមជីវពលប៉ាឡេស្ទីនកាលពីថ្ងៃទី ៧ ខែតុលាកន្លងទៅផងដែរ ។
អ៊ីស្រាអែល បានសងសឹកការវាយឆ្មក់ដ៏គួរភ្ញាក់ផ្អើលរបស់ក្រុមជីវពលហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា ជាមួយនឹងការទម្លាក់គ្រាប់បែក ការវាយប្រហារតាមច្រកអាកាសទាំងយប់ទាំងថ្ងៃ ។
កងកម្លាំងការពារជាតិអ៊ីស្រាអែល បានបញ្ជូនកងរថក្រោះ និងទាហានរបស់ពួកគេទៅកាន់ព្រំដែនជាមួយតំបន់ហ្គាហ្សា សម្រាប់ការវាយប្រហារតាមជើងគោកគ្រោងទុក ដើម្បីធ្វើឲ្យក្រុមហាម៉ាស់រលាយសាបសូន្យពីលើផែនដី ។
កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារមកលើគោលដៅនៅតំបន់ហ្គាហ្សាដែលរួមមានទាំងទីតាំងបាញ់មីស៊ីលជាច្រើនកន្លែងនៅជិតសាលារៀន និងព្រះវិហារ នៅតែកំពុងបន្ត ។
កងកម្លាំងការពារជាតិអ៊ីស្រាអែល បានបញ្ចេញរូបភាពវីដេអូឃ្លីប ឃើញការផ្ទុះគ្រាប់ជាច្រើនកន្លែង ក៏ដូចជារូបថតសន្លឹកបង្ហាញពីទីតាំងគោលដៅវាយប្រហារនៅតំបន់ហ្គាហ្សា ជិតសាលាមតេយ្យសិក្សា សាលារៀន ព្រះវិហារ និងអគារអង្គការសហប្រជាជាតិ ៕