
កសិករនៅប្រទេសឥណ្ឌូនេស៊ី ប្រកបរបរដាំស្រូវដើម្បីជីវភាពរស់នៅរបស់ពួកគេកាន់តែប្រសើរ ប៉ុន្តែថ្មីៗនេះ ពួកគេត្រូវបង្ខំចិត្តដាំបន្លែដែលធន់នឹងគ្រោះរាំងស្ងួត ដោយសារតែបញ្ហាបាតុភូតអាកាសធាតុ អ៊ែល នីញ៉ូ ដែលបានបណ្ដាលឲ្យដំណាំភាគច្រើនងាប់ និងទំនប់ទឹកនានារីងស្ងួត។
អាកាសធាតុរាំងស្ងួតអូសបន្លាយដ៏យូរ និងធ្ងន់ធ្ងរ ដែលបណ្ដាលមកពីបាតុភូតអាកាសធាតុ អ៊ែល នីញ៉ូ បានវាយប្រហារលើកោះរមណីយដ្ឋានបាលី របស់ប្រទេសឥណ្ឌូនេស៊ី យ៉ាងធ្ងន់ធ្ងរ ដោយរដ្ឋាភិបាលក្នុងតំបន់បានប្រកាសអាសន្នរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍ (១៩ តុលា) ខណៈគ្រោះរាំងស្ងួតកាន់តែអាក្រក់ទៅៗ ហើយអ្នកស្រុកមួយចំនួនត្រូវតម្រង់ជួរដើម្បីទទួលបានទឹកស្អាតប្រើប្រាស់។
កសិករឥណ្ឌូនេស៊ីម្នាក់បានប្រាប់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃសៅរ៍ (២១ តុលា) ខណៈកសិកររូបនោះបង្ហាញដំណាំស្រូវក្រៀមស្វិតនៅក្នុងស្រែរបស់ខ្លួនថា «កសិករមិនអាចដាំស្រូវបានទេ ប៉ុន្តែយើងដាំដំណាំផ្សេងទៀតដូចជាពោត និងបន្លែ អ្វីក៏ដោយដើម្បីរស់ និងចិញ្ចឹមជីវិត»។
ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសឥណ្ឌូនេស៊ី បានព្រមានកាលពីដើមឆ្នាំនេះ អំពីរដូវប្រាំងធ្ងន់ធ្ងរដោយសារផលប៉ះពាល់របស់បាតុភូតអាកាសធាតុ អ៊ែល នីញ៉ូ ក្នុងឆ្នាំនេះ ដែលគំរាមកំហែងដល់ការប្រមូលផល និងបង្កើនហានិភ័យនៃចំហេះព្រៃ។ បញ្ហាអាកាសធាតុនោះ ត្រូវបានគេរំពឹងថា នឹងឡើងដល់កម្រិតគ្រោះថ្នាក់បំផុតនៅចន្លោះខែសីហា ដល់ដើមខែវិច្ឆិកា ខាងមុខនេះផងដែរ៕