អ៊ីស្រាអែល៖ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅខាងក្រៅប៉ុស្តិ៍នគរបាលមួយកន្លែង នៅក្នុងទីក្រុងហ្ស៊េរុយសាឡឹមខាងកើតកាលពីថ្ងៃអាទិត្យ ក្រោយការចាប់ខ្លួនស្ត្រីវ័យ ២៣ឆ្នាំម្នាក់ដែលបានដឹកនាំការតវ៉ាជាបន្តបន្ទាប់ប្រឆាំង នឹងការប៉ុនប៉ងរបស់ក្រុមអ្នកតាំងទីលំនៅជនជាតិជ្វីហ្វ ក្នុងការបណ្ដេញពលរដ្ឋប៉ាឡេស្ទីនរាប់សិបគ្រួសារ ចេញពីលំនៅឋានរបស់ពួកគេក្នុងតំបន់នេះ។

ក្រោយមកស្ត្រីវ័យក្មេងនោះត្រូវបានដោះលែងវិញ ប៉ុន្តែប្អូនប្រុសភ្លោះរបស់នាងបានប្រគល់ខ្លួនឲ្យសមត្ថកិច្ច ហើយបច្ចុប្បន្ននៅតែកំពុងឃុំខ្លួននៅឡើយ។ នៅតំបន់ហ្សេកចារ៉ា ក្រុមអ្នកតាំងលំនៅជនជាតិជ្វីហ្វបានធ្វើយុទ្ធនាការរាប់ទសវត្ស ដើម្បីបណ្ដេញគ្រួសារទាំងនោះចេញពីស្រុកភូមិជនជាតិប៉ាឡេស្ទីន ដែលមានប្រជាជនរស់នៅយ៉ាងច្រើននៅខាងក្រៅកំផែងទីក្រុងចាស់។ តំបន់នេះស្ថិតក្នុងចំណោមតំបន់ ដែលមានការរំជើបរំជួលបំផុតជាច្រើននៃទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ដែលជាតំបន់លំនៅឋានសម្រាប់ទីសការៈពិសិដ្ឋ សម្រាប់ជនជាតិជ្វីហ្វ គ្រិស្តសាសនិក និងអ៊ីស្លាមសាសនិក និងជាតំបន់ដែលអ៊ីស្រាអែលដណ្ដើមបានក្នុងឆ្នាំ១៩៦៧ និងបានដាក់បញ្ចូលជាឧបសម្ព័ន្ធ ដែលពុំមានការទទួលស្គាល់ពីពិភពលោកនោះឡើយ។
ប្រទេសអ៊ីស្រាអែលចាត់ទុកទីក្រុងទាំងមូលជារដ្ឋធានីរបស់ខ្លួន ខណៈដែលជនជាតិប៉ាឡេស្ទីនចង់បានទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ជារដ្ឋធានីសម្រាប់រដ្ឋអនាគតរបស់ពួកគេដែរ។ ក្រុមអ្នកតាំងលំនៅឋានជាច្រើន ក៏ដូចជាក្រុមមន្ត្រីអ៊ីស្រាអែលនិយាយថា តំបន់ជម្លោះហ្សេក ចារ៉ាគឺគ្រាន់តែទាក់ទងនឹងអចលនទ្រព្យប៉ុណ្ណោះ។ ប៉ុន្តែប្រជាជនប៉ាឡេស្ទីននិយាយថា ពួកគេជាជនរងគ្រោះនៃប្រព័ន្ធរើសអើង។ ក្រុមអ្នកតាំងលំនៅកំពុងប្រើច្បាប់ឆ្នាំទសវត្សរ៍ឆ្នាំ១៩៧០ ដែលអនុញ្ញាតឲ្យជនជាតិជ្វីហ្វទាមទារមកវិញ នូវទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់ជ្វីហ្វ ដែលបានបាត់បង់ក្នុងអំឡុងសង្គ្រាមឆ្នាំ១៩៤៨ ជុំវិញការបង្កើតរបស់អ៊ីស្រាអែល ជាសិទ្ធិបដិសេធចំពោះប្រជាជនប៉ាឡេស្ទីន ដែលបានបាត់បង់ទ្រព្យសម្បត្តិក្នុងជម្លោះដូចគ្នានោះ៕
អត្ថបទ៖ សុខមាន