
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ (ទី២២ ខែតុលា) បានរាយការណ៍ថា ក្មេងស្រីជំទង់ម្នាក់បានរងអាការៈខួរក្បាលលែងដំណើរការ បន្ទាប់ពីមានការចោទប្រកាន់ថា បានប៉ះទង្គិចជាមួយមន្ត្រី កាលពីដើមខែនេះ ពាក់ព័ន្ធនឹងការបំពានច្បាប់ពាក់សម្លៀកបំពាក់ហ៊ីចាបរបស់ប្រទេស។
វីដេអូក្នុងកាមេរ៉ាសុវវត្ថិភាព (CCTV) ពីរថភ្លើងក្រោមដីរបស់ទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី១ ខែតុលា បង្ហាញឲ្យឃើញក្មេងស្រីម្នាក់សន្លប់ស្ដូកស្ដឹង ត្រូវបានទាញចេញពីទូរថភ្លើង។ អ៊ីរ៉ង់បានបដិសេធពីការមានរបួសរបស់ក្មេងស្រី Armita Geravand អាយុ ១៦ឆ្នាំ បន្ទាប់ពីការមានការប៉ះទង្គិចជាមួយមន្រ្តី ដែលអនុវត្តច្បាប់សម្លៀកបំពាក់ជាកាតព្វកិច្ចរបស់អ្នកកាន់សាសនាអ៊ីស្លាម។
ក្រុមសិទ្ធិមនុស្ស មានការព្រួយបារម្ភថា ក្មេងស្រី Geravand អាចជួបនឹងជោគវាសនាដូចគ្នានឹងនាង Mahsa Amini ដែលការស្លាប់របស់នាងកាលពីខែកញ្ញាឆ្នាំមុន នៅក្នុងការឃុំឃាំងរបស់នគរបាលសីលធម៌ បានបង្កឲ្យមានការតវ៉ាប្រឆាំងរដ្ឋាភិបាល នៅទូទាំងប្រទេស៕