ភ្នំពេញ៖ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា កម្ពុជាមានធនធានមនុស្សដែលមានវ័យក្រោម ២៥ ឆ្នាំ រហូតដល់ ៦០% ដែលសុទ្ធសឹងជាធនធានដ៏សំខាន់សម្រាប់កិច្ចការងារវិនិយោគរបស់ក្រុមហ៊ុនបណ្ដាក់ទុននៅកម្ពុជា។
ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាកិត្តិយសក្នុងវេទិកាកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ឆ្នាំ២០២៣ របស់សម្ព័ន្ធភស្ដុភារកម្មសកល (Global Logistic Alliance) តបតាមការអញ្ជើញរបស់លោកស្រី Sun Grace ប្រធានសម្ព័ន្ធ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងសិនជិន ប្រទេសចិន។
ក្នុងពិធីថ្លែងសុន្ទរកថាបើកវេទិកានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីយុទ្ធសាស្រ្តទាក់ទាញ វិនិយោគិនរបស់កម្ពុជា តាមរយៈការបង្ហាញអំពីសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចប្រមាណ ៧% ជាប់គ្នា ក្នុងរយៈពេល២០ឆ្នាំ មុនស្ថានភាពជំងឺកូវីដ១៩។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជា មានធនធានមនុស្សដែលមានវ័យក្រោម២៥ឆ្នាំ រហូតដល់ ៦០% ដែលសុទ្ធសឹងជាធនធានដ៏សំខាន់សម្រាប់កិច្ចការងារវិនិយោគរបស់ក្រុមហ៊ុនបណ្ដាក់ទុននៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ អំពីកត្តា ៣ ដែលកំណត់ភាពជោគជ័យក្នុងការវិនិយោគនៅកម្ពុជាផងដែរ ក្នុងនោះរួមមាន ទី១ ទីតាំង(ដីធ្លី) ទី២ ធនធានមនុស្ស និង ទី៣ ទុនវិនិយោគ។ ដូច្នេះ ដើម្បីឱ្យការវិនិយោគមួយជោគជ័យ កម្ពុជាបានត្រៀមរួចជាស្រេចនូវទីតាំង និងធនធានមនុស្សសម្រាប់បំពេញតម្រូវការរបស់ក្រុមហ៊ុន និងរង់ចាំតែការសម្រេចចិត្តរបស់វិនិយោគិន ក្នុងការមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ ក្នុងនោះផងដែរ ច្បាប់ក៏ជាកត្តាសំខាន់មួយចំណែក កាលពីឆ្នាំ២០២១ កន្លងទៅ កម្ពុជាបានដាក់ចេញនូវច្បាប់វិនិយោគថ្មី ដែលនឹងកាន់តែផ្ដល់ភាពងាយសស្រួលក្នុងការវិនិយោគ ស្របតាមជំហរបើកចំហរទីផ្សារសេរីរបស់កម្ពុជា។
ឯកឧត្តមបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗសុទ្ធសឹងតែជាគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រួលលើការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនរបស់វិនិយោគិនផងដែរ។ តាមរយៈការអភិវឌ្ឍមិនឈប់ឈររបស់រាជរដ្ឋាភិបាល បានធ្វើឱ្យសូចនាករសង្ឃឹមរស់របស់ប្រជាពលរដ្ឋកម្ពុជា កើនឡើងគួរឱ្យកត់សម្គាល់ចាប់ពីឆ្នាំ១៩៩៨មក។
ឯកឧត្តម បានជម្រាបជូនពីផែនការយុទ្ធសាស្រ្តថ្មីៗរបស់កម្ពុជារួមមាន ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ដែលមាន ១៧៤ គម្រោង ជាមួយតម្លៃសរុបប្រមាណ ៥០ ពាន់លានដុល្លារអាមេរិចក្នុងផែនការ។ ក្រៅពីផែនការយុទ្ធសាស្រ្តនៅក្នុងប្រទេស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបអំពីផែនការសហប្រតិបត្តិការជាមួយប្រទេសជាដៃគូដទៃទៀតរួមមាន៖ កិច្ចការងារសម្របសម្រួលអន្តរដ្ឋាភិបាលរវាងកម្ពុជា-ចិន ដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ និងឯកឧត្តម វ៉ាង យី ជាសហប្រធាន ដើម្បីអនុវត្តផែនការកិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយ។ បន្ថែមពីនេះ ផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ វប្បធម៌ រវាងប្រទេសទាំងពីរ ក៏ត្រូវបានជម្រាបជូនផងដែរ៕ ដោយ ៖ ដារា







