
ការស៊ើបអង្កេតរបស់អ្នកវិភាគសព ពាក់ព័ន្ធនឹងការស្លាប់របស់ជនមូស្លីមចំនួន ៥១នាក់ ក្នុងឆ្នាំ២០១៩ នៅក្នុងការបាញ់ប្រហារ ដែលបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិតច្រើនបំផុតរបស់ប្រទេសនូវ៉ែលហ្សេឡង់ នឹងចាប់ផ្តើម នៅថ្ងៃអង្គារ (ទី២៤ ខែតុលា) ស្អែកនេះ ដោយសង្ឃឹមថា នឹងបង្កើតបាននូវអ្វី ដែលបានកើតឡើង បន្ទាប់ពីការវាយប្រហារនេះ បានចាប់ផ្តើម និងដើម្បីផ្តល់អនុសាសន៍ ដែលជួយការពារការបាត់បង់ជីវិត នាពេលអនាគត។
ប្រដាប់ដោយអាវុធពាក់កណ្តាលស្វ័យប្រវត្តិ ដែលមានសមត្ថភាពខ្ពស់ ជនជាតិអូស្ត្រាលីឈ្មោះ Brenton Tarrant វ័យ ៣២ឆ្នាំ បានផ្ដាច់ជីវិតមនុស្ស ៥១នាក់ និងធ្វើឲ្យរាប់សិបនាក់រងរបួស នៅពេលដែលរូបគេបានបាញ់ប្រហារទៅលើអ្នកគោរពបូជាសាសនាអ៊ីស្លាមយ៉ាងស្មោះស្ម័គ្រ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុង Christchurch (ក្រៃឈើច)។ លោក Tarrant បានចេញផ្សាយនូវសេចក្ដីប្រកាសរើសអើងជាតិសាសន៍មួយភ្លាមៗ មុនពេលមានការវាយប្រហារ និងបានផ្សាយបន្តផ្ទាល់ការបាញ់ប្រហារ នៅលើបណ្ដាញសង្គម Facebook។
ការស៊ើបអង្កេត គឺជាដំណើរការផ្លូវច្បាប់ ដែលតម្រូវដោយច្បាប់នូវ៉ែលហ្សេឡង់ ដើម្បីត្រួតពិនិត្យមើលការស្លាប់ ដែលមិនបានរំពឹងទុក និងទទួលបានការចូលរួមពីអ្នកត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រ នគរបាល អ្នកឆ្លើយតបដំបូង និងសាក្សីផ្សេងទៀត ចំពោះការស្លាប់នេះ។
លោក Tarrant កំពុងជាប់ពន្ធនាគារមួយជីវិតរួចហើយ ដោយគ្មានការលើកលែងទោសជាចដាច់ខាត ចំពោះបទចោទឃាតកម្មចំនួន ៥១ករណី ប៉ុនប៉ងមនុស្សឃាត ៤០ករណី និងបទចោទមួយពីបទប្រព្រឹត្តអំពើភេរវកម្ម ក្នុងអំឡុងពេលបាញ់ប្រហារ នៅវិហារអ៊ីស្លាម ចំនួន២ របស់ទីក្រុង Christchurch៕