ភ្នំពេញ ៖ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោក Vaghinak Sargsyan នាយកមជ្ឈមណ្ឌលជំនាញ និងដោះមីនមនុស្សធម៌នៃសាធារណរដ្ឋអាមេនី (CHDE) និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងស្វែងយល់អំពីការដឹកនាំវិស័យសកម្មភាពមីននៅកម្ពុជាក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការត្បូង-ត្បូង នៅទីស្នាក់ការអាជ្ញាធរមីននារសៀលថ្ងៃទី២៣ខែតុលា ២០២៣នេះ។
យោងតាមអាជ្ញាធរមីនបានឲ្យដឹងថា ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូអាមេនី ដែលបានបំពេញបេសកកម្មនៅកម្ពុជា ក្នុងការសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍អំពីការដឹកនាំ និងការគ្រប់គ្រងវិស័យសកម្មភាពមីន។
សូមជម្រាបជូនថា ក្នុងកំឡុងដំណើរទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី២០-២៣ ខែតុលា ឆ្នាំ២០២៣ ក្រោមការ សម្របសម្រួលរបស់អាជ្ញាធរមីន គណៈប្រតិភូអាមេនី បានចុះពិនិត្យ និងសិក្សាស្វែងយល់អំពីសកម្មភាពហ្វឹកហ្វឺន សកម្មភាពបោសសម្អាតមីន និងការអភិវឌ្ឍលើផ្ទៃដីបោស សម្អាតមីនរួច ក្រោមកិច្ចប្រតិបត្តិការរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។ ជាមួយគ្នានោះ គណៈប្រតិភូអាមេនី ក៏បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំរបស់អាជ្ញាធរមីន មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម៕ អត្ថបទ.ភារម្យ








