ពិភពលោក៖ អតីតប្រធានាធិបតី នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស ១០០រូបបានជំរុញដល់ក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ ឬក្រុមប្រទេស G7 ជួយចេញថ្លៃចំណាយវ៉ាក់សាំងបង្ការវីរុសកូរ៉ូណា ដើម្បីជួយបញ្ឈប់ការវិវឌ្ឍន៍ខ្លួននៃជំងឺនេះ និងការវិលត្រឡប់មកវិញជាការគំរាមកំហែងទូទាំងពិភពលោក។
បណ្ដាមេដឹកនាំទាំងនោះបានអំពាវនាវនៅមុនជំនួបកំពូល G7 នៅក្នុងចក្រភពអង់គ្លេសដែលនឹងចាប់ផ្ដើមនៅថ្ងៃសុក្រសប្ដាហ៍នេះ នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នឹងជួបប្រជុំជាមួយមេដឹកនាំចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដា និងជប៉ុន។ នៅក្នុងលិខិតរបស់មេដឹកនាំទាំងនោះផ្ញើទៅកាន់ជំនួបកំពូល G7 បណ្ដាអតីតមេដឹកនាំពិភពលោកបាននិយាយថា សហប្រតិបត្តិការសកលបានបរាជ័យកាលពីឆ្នាំ២០២០ ប៉ុន្តែនៅឆ្នាំ២០២១ នេះអាចឃើញផ្លែផ្លាក្នុងយុគសម័យថ្មី។
លិខិតនោះបាននិយាយថា “ការគាំទ្រពី G7 និង G20 ដែលធ្វើឱ្យវ៉ាក់សាំងអាចចូលទៅដល់បណ្ដាប្រទេសមានប្រាក់ចំណូលទាប និងមធ្យមមិនមែនជាសកម្មភាពសប្បុរសធម៌ទេ ប៉ុន្តែផ្ទុយទៅវិញគឺសម្រាប់ផលប្រយោជន៍ ជាយុទ្ធសាស្ត្ររបស់ប្រទេសនីមួយៗ”។ ក្នុងចំណោមប្រទេសហត្ថលេខី រួមមានអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Gordon Brown និងលោក Tony Blair, អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban-Ki Moon និងអតីតមេដឹកនាំអាហ្វ្រិកចំនួន ១៥រូបទៀត៕
អត្ថបទ៖ សុខមាន