
យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap បានឲ្យដឹងថា មនុស្ស២នាក់ បានរងរបួសធ្ងន់ នៅថ្ងៃចន្ទនេះ បន្ទាប់ពីត្រូវបានចាក់ដោយកាំបិតនៅប្រទេសកូរ៉េខាងត្បូង ភាគអាគ្នេយ៍។
បុរសម្នាក់វ័យខ្ទង់ ៦០ឆ្នាំ បានចាក់អ្នកជិតខាង២នាក់ ជាស្ត្រីម្នាក់វ័យខ្ទង់៧០ឆ្នាំ និងកូនប្រុសវ័យខ្ទង់៤០ឆ្នាំ នៅម៉ោងប្រហែល៨:៤៧នាទីព្រឹក ម៉ោងក្នុងតំបន់ នៅជាន់ទី២៥ នៃអគារលំនៅឋានក្នុងទីក្រុង Daegu មានចម្ងាយប្រមាណ ២៤០គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុងសេអ៊ូល។
ជនសង្ស័យ បានលោតចុះពីអគារលំនៅឋានបណ្តាលឲ្យស្លាប់ បន្ទាប់ពីប្រព្រឹត្តឧក្រិដ្ឋកម្ម ខណៈជនរងគ្រោះ២នាក់ រងរបួសធ្ងន់ និងត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ។
នគរបាលកំពុងស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃឧបទ្ទវហេតុនេះ។ ដោយជនសង្ស័យបានស្លាប់ នគរបាលមានផែនការបិទសំណុំរឿងដោយគ្មានការកាត់ទោស។