
បេក្ខជនរបស់គណបក្សប្រឆាំងវ៉េណេហ្សុយអេឡា លោកស្រី Maria Corina Machado កាលពីថ្ងៃអាទិត្យ (ទី២២ ខែតុលា) បានទម្លាក់សន្លឹកឆ្នោតរបស់លោកស្រីទៅក្នុងធុង នៅក្នុងការបោះឆ្នោតបឋមរបស់ប្រទេស នៅអាមេរិកខាងត្បូងមួយនេះ ដើម្បីជ្រើសរើសបេក្ខភាពរបស់អ្នកប្រឆាំង ដែលរួបរួមគ្នា សម្រាប់ការបោះឆ្នោតឆ្នាំក្រោយ។
វិស្វករឧស្សាហកម្មវ័យ ៥៦ឆ្នាំ និងជាអតីតសមាជិកសភា បាននាំមុខគូប្រជែងរបស់លោកស្រី ជាមួយនឹងចំនួនប្រហែល ៤០ពិន្ទុ នៅក្នុងការស្ទង់មតិ។ ប៉ុន្តែលោកស្រី Machado ក៏ដូចជាអតីតគូប្រជែង២រូបទៀត ដែលបានធ្លាក់ចេញពីការប្រកួតប្រជែងនោះ ត្រូវបានរារាំងមិនឲ្យកាន់តំណែងសាធារណៈ ជុំវិញការគាំទ្ររបស់លោកស្រី ចំពោះការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលរបស់លោក Nicolas Maduro ហើយនឹងមិនអាចចុះឈ្មោះ សម្រាប់ការបោះឆ្នោតសកលបានទេ។
ទីតាំងបោះឆ្នោតនឹងមានចំនួន ៣.០១០កន្លែង នៅទូទាំងប្រទេស ប៉ុន្តែមានរបាយការណ៍ថា កន្លែងខ្លះបានបើកយឺត និងកន្លែងខ្លះទៀតត្រូវបានប្តូរ។ នេះបើយោងតាមការលើកឡើងពីក្រុមសិទ្ធិមនុស្ស និងអ្នកបោះឆ្នោតផ្ទាល់ ដែលបង្កឲ្យមានការវង្វែងវង្វន់។ លោកស្រី Machado បាននិយាយពីបញ្ហាទាំងអស់នេះ ហើយក៏បានសុំឲ្យអ្នកដើរតាមគាំទ្រលោកស្រីមានភាពអត់ធ្មត់បន្តិច៕