
ប្រទេសចិន នៅថ្ងៃចន្ទ (ទី២៣ ខែតុលា) នេះ បានអំពាវនាវឲ្យមានការស៊ើបអង្កេតប្រកបដោយគោលដៅ យុត្តិធម៌ និងវិជ្ជាជីវៈ ចំពោះការខូចខាតបំពង់បង្ហូរឧស្ម័នក្រោមបាតសមុទ្រ រវាងប្រទេសហ្វាំងឡង់ និងអេស្តូនី ដោយនិយាយថា នាវារបស់ចិន នៅក្នុងតំបន់ នាពេលនោះ កំពុងធ្វើដំណើរតាមធម្មតា។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់សន្និសីទសារព័ត៌មាន ដែលធ្វើជាប្រចាំថា ប្រទេសចិន និងហ្វាំងឡង់ បានចាប់ផ្តើមទំនាក់ទំនងគ្នា ជុំវិញការខូចខាតបំពង់បង្ហូរហ្គាស Balticconnector ហើយចិនសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់អាចស្វែងរកការពិតឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ការិយាល័យស៊ើបអង្កេតជាតិរបស់ប្រទេសហ្វាំងឡង់ បានឲ្យដឹង កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅថា ការស៊ើបអង្កេតលើការខូចខាតបំពង់បង្ហូរឧស្ម័ន គឺផ្តោតលើតួនាទីរបស់នាវាកុងតឺន័រ NewNew Polar Bear របស់ចិន។
នៅពេលលើកឡើងពីបញ្ហានេះ នៅកន្លែងសន្និសីទនោះ លោកស្រី Mao បានប្រាប់ថា៖ «ដូចគ្រប់គ្នាបានដឹងថា នាវាចិន ធ្វើដំណើរធម្មតានៅក្នុងដែនទឹកដែលពាក់ព័ន្ធ អំឡុងពេលកើតហេតុការណ៍ នាពេលនោះ ហើយគ្មានភាពមិនប្រក្រតីណាមួយ ត្រូវបានរកឃើញនោះឡើយ ដោយសារតែស្ថានភាពសមុទ្រមិនល្អ នាពេលនោះ»។
លោកស្រីបានបន្ថែមថា ប្រទេសចិនតែងតែជំរុញឲ្យសហគមន៍អន្តរជាតិគួរតែពង្រឹងកិច្ចសហប្រតិបត្តិការ និងរួមគ្នាការពារសន្តិសុខនៃហេដ្ឋារចនាសម្ព័ន្ធឆ្លងព្រំដែន៕