នៅពេលដែលជម្លោះ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ចាប់ផ្តើមផ្ទុះឡើង នៅលើផ្លូវគោក ពិភពលោកភាគច្រើន កំពុងឃើញហេតុការណ៍នោះតាមរយៈប្រព័ន្ធអ៊ីនធឺណិត។ ប្រព័ន្ធនោះ គឺជាមធ្យោបាយ ដែលព័ត៌មានមិនពិត ឬបំភ័ន្ត អាចត្រូវបានប្រើប្រាស់ជាអាវុធ តាមរយៈការអះអាងរបស់ខ្លួនផ្ទាល់ ក្នុងនោះរួមទាំងបង្កើតមតិសាធារណៈផងដែរ។ ចាប់តាំងពីមានជម្លោះនោះ បណ្ដាញសង្គម បានពោរពាសទៅដោយរូបភាព វីដេអូ និងទស្សនៈផ្សេងៗ។
ការកើនឡើងនៃបញ្ញាសិប្បនិមិត្ត (AI) បានជួយឲ្យភាគី ដែលមានគំនិតព្យាបាទ ឬមិនសមហេតុផល ផ្សព្វផ្សាយខ្លឹមសារមិនពិត ឬបំភ័ន្តកាន់តែងាយស្រួល និងធ្វើឲ្យការផ្សព្វផ្សាយនោះមានភាពត្រឹមត្រូវជាងមុន។ ការកើនឡើងនេះបានដាក់សម្ពាធលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដែលជាម្ចាស់វេទិកាបណ្ដាញសង្គមទាំងនេះ ហើយកិច្ចខិតខំប្រឹងប្រែង ដែលពួកគេកំពុងធ្វើ ដើម្បីទប់ស្កាត់មាតិកាទាក់ទងនឹងជម្លោះនេះ បានស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើងៗ។
ជាក់ស្ដែង សមាជិកសភានៅអឺរ៉ុប បានផ្ញើការព្រមានដល់ក្រុមហ៊ុននានា ដែលរួមមាន Meta, TikTok និង X (ពីមុនជា Twitter) ឲ្យគោរពតាមច្បាប់សហភាពអឺរ៉ុបអំពីការលុបចោលខ្លឹមសារ ដែលបង្កគ្រោះថ្នាក់។
ការខកខានមិនបានធ្វើដូច្នេះ អាចបណ្តាលឲ្យមានការផាកពិន័យដល់ទៅ ៦ភាគរយនៃប្រាក់ចំណូលទូទាំងពិភពលោក ឬបើពុំនោះសោតអាចមានការហាមឃាត់ នៅតំបន់អឺរ៉ុបតែម្ដង។ តែយ៉ាងណាក្ដី ក្រុមហ៊ុនទាំង៣ បានប្រាប់ថា ពួកគេបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន បន្ទាប់ពីមានអំពើហិង្សានោះ៕