
នៅថ្ងៃចន្ទនេះ ផ្សែងខ្មៅដ៏ក្រាស់ឃ្មឹកបានផុសឡើងលើអាកាសនៅតំបន់ភាគខាងជើងអ៊ីស្រាអែល ជាប់ព្រំដែនជាមួយប្រទេសលីបង់ ។
នៅតាមបណ្តោយព្រំដេនភាគខាងជើងអ៊ីស្រាអែលជាមួយប្រទេសលីបង់ ក្រុមហេសប៊ូឡា គាំទ្រដោយអ៊ីរ៉ង់ បានប៉ះទង្គិចគ្នាជាមួយកងកម្លាំងអ៊ីស្រាអែល ដើម្បីគាំទ្រក្រុមហាម៉ាស់ អំឡុងអំពើហិង្សាស្លាប់មនុស្សច្រើនបំផុត ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល-ក្រុមហេសប៊ូឡា កាលពីឆ្នាំ ២០០៦ ។
យោធាអ៊ីស្រាអែល និយាយថា ទាហាន ៧នាក់ ត្រូវបានសម្លាប់នៅតាមព្រំដែនលីបង់ ចាប់តាំងពីជម្លោះចុងក្រោយមួយនេះ បានផ្ទុះឡើង ។
ក្រសួងសុខាភិបាលតំបន់ហ្គាហ្សា និយាយកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនថា ការវាយប្រហារដោយមីស៊ីល និងតាមច្រកអាកាសរបស់អ៊ីស្រាអែល ជាការសងសឹកវិញនោះ បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ៥.០៨៧នាក់ ដែលរួមទាំងកុមាររាប់រយនាក់ ក្នុងនោះ មនុស្សជាង ១លាននាក់នៅក្នុងដែនដីបិទច្រកដែលមានពលរដ្ឋរស់នៅ ២,៣លាននាក់មួយនេះ បានជម្លៀសខ្លួនចេញ ៕