បាល់ទាត់៖ លោក សាប៊ូន វិនតា នាយកបច្ចេកទេសក្លិប ISI ដង្កោសែនជ័យបានបង្ហើបពីគោលដៅនារដូវកាលក្រោយ នឹងព្យាយាមអភិវឌ្ឍន៍ក្រុមខ្លួនដើម្បីឈានទៅដណ្ដើមកៅអីលីគកំពូលកម្ពុជា។ ការលើកឡើងនេះបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការចូលរួមប្រកួតពានរង្វាន់ League Cup 2021 ដែលរៀបចំដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅ។
ថ្នាក់ដឹកនាំក្រុមបេក្ខភាពលីគទី២ កម្ពុជានេះបានចាត់ទុកការចូលរួមប្រកួតពានរង្វាន់ League Cup 2021 គឺជារឿងដ៏ល្អសម្រាប់ក្រុមខ្លួនក្នុងការអភិវឌ្ឍក្រុមឲ្យបានល្អប្រសើរ តាមរយៈការដកបទពិសោធពីក្រុមធំៗឆ្ពោះទៅរកការប្រកួតប្រជែងកម្រិតខ្ពស់ ពិសេសដើម្បីសម្រេចគោលដៅរបស់ក្លិបក្នុងការប្រកួតលីគទី២ នារដូវកាលថ្មី ដើម្បីឈានទៅប្រជែងកៅអីលីគកំពូលកម្ពុជានារដូវកាលក្រោយ។
សូមបញ្ជាក់ថា ក្នុងយុទ្ធនាការប្រកួតពានរង្វាន់ League Cup 2021 ក្រុម ISI ដង្កោសែនជ័យស្ថិតក្នុងពូល A ជាមួយក្រុមខ្លាំងៗ រួមមានក្រុមបឹងកេត ភ្នំពេញក្រោន និងវិសាខា ខណៈប្រកួតបើកឆាកកាលពីចុងសប្ដាហ៍កន្លងទៅ ក្រុមសមាជិកលីគទី២ កម្ពុជានេះបានប្រកួតចាញ់អតីតក្រុមជើងឯកលីគ ៦សម័យកាលភ្នំពេញក្រោនក្នុងលទ្ធផល ៥-០៕
អត្ថបទ៖ លី ឈុនឡា