ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ដឹកនាំកិច្ចប្រជុំទ្វេរភាគីរវាងក្រសួងធម្មការ និងសាសនា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយប្រតិភូគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាម សម្រាប់កិច្ចការសាសនា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយឯកឧត្តម ងៀន អាញ់ជឹក ( H-E. Nguyen Anh Chuc) អនុប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាម នាល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
ឯកឧត្តម ងៀន អាញ់ជឹក (H-E. Nguyen Anh Chuc) អនុប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាម បានសម្តែងនូវការអបអរសាទរ ចំពោះឯកឧត្តម ចាយ បូរិន ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន នៅតួនាទីជារដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា និងសូមគាំទ្ររាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងកិច្ចប្រជុំទ្វេរភាគីនេះ ឯកឧត្តម ងៀន អាញ់ជឹក បានលើកឡើងពីគោលបំណងសំខាន់ៗរួមមាន៖ ការពិនិត្យឡើងវិញនូវអ្វីដែលនៅសេសសល់មិនទាន់បានអនុវត្ត ចំពោះកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ លើវិស័យសាសនា និងបន្តកិច្ចសហប្រតិបត្តិការ លើការបណ្ដុះបណ្ដាលវគ្គសិក្សារវាងមន្ត្រី នៃប្រទេសទាំងពីរវៀតណាម-កម្ពុជា ដើម្បីពង្រឹងការ អនុវត្តច្បាប់ ទម្លាប់របស់ប្រទេសនីមួយៗ លើវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរីកចម្រើន។ ឯកឧត្តម បានកោតសរសើរដល់ក្រសួងធម្មការ និងសាសនា ក្នុងអាណិត្តទី៧នេះ ដែលបានសហប្រតិបត្តិការជាមួយរដ្ឋាភិបាលវៀតណាមលើគ្រប់វិស័យបានឆាប់រហ័ស ឆ្លើយតបភ្លាមៗទៅនឹងតម្រូវការចំបាច់រវាងប្រជាជន នៃប្រទេសទាំងពីរ ពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងធម្មការ និងសាសនា ជាសេនាធិការ បានគ្រប់គ្រងយ៉ាងល្អលើគ្រប់សាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបាននៅសន្តិភាព គ្មានទំនាស់ខាងផ្នែកសាសនា ដោយយោគយល់គ្នាបានយ៉ាងល្អប្រសើរ។

ជាការឆ្លើយតប ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ថ្លែងថា ព្រះពុទ្ធសាសនា នៅកម្ពុជា គឺជាសាសនារបស់រដ្ឋ ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ ពិសេសអប់រំមនុស្សឆ្ពោះទៅរកសន្តិភាពផ្លូវចិត្ត។ ដូចនេះក្រសួងធម្មការ និងសាសនា សូមស្វាគមន៍នៅការចូលរួមវគ្គសិក្សាបណ្តុះបណ្តាលជាមួយ និងរដ្ឋាភិបាលវៀតណាម ដើម្បីជាការរឹតចំណងមេត្រីភាពដែលមានស្រាប់ឲ្យកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ចាយ បូរិន និងឯកឧត្តម ងៀន អាញ់ជឹក បានឯកភាពគ្នាខិតខំបន្តរឹតចំណងសាមគ្គីភាព មិត្តភាព ការយោគយល់គ្នា និងការជឿទុកចិត្តគ្នា រវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ តាមរយៈក្រសួងធម្មការ និងសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាម សម្រាប់កិច្ចការសាសនា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីឈានដល់កម្រិតថ្មីមួយ ដែលអាចជាដៃគូយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ វិស័យសាសនាឱ្យកាន់តែរីកចម្រើនថែមទៀត៕ អត្ថបទ រដ្ឋា





