ក្រុមហាម៉ាស កាលពីថ្ងៃចន្ទ (២៣ តុលា) បាននិយាយថា ខ្លួនបានដោះលែងស្ត្រីជនជាតិអ៊ីស្រាអែលពីរនាក់ ដែលស្ថិតក្នុងចំណោមចំណាប់ថ្នូរជាង ២០០នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលការវាយលុកកាលពីថ្ងៃទី៧ ខែតុលា នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ខណៈប្រភពជាច្រើនបាននិយាយថា សហរដ្ឋអាមេរិក បានណែនាំអ៊ីស្រាអែល ឱ្យបញ្ឈប់ការវាយលុកតាមដីគោកនៅតំបន់ហ្កាហ្សា ស្ទ្រីប។

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា ស្ត្រីទាំងនោះត្រូវបានប្រគល់ទៅឱ្យយោធាអ៊ីស្រាអែល ហើយនឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ ស្រ្តីទាំងពីរនោះ ត្រូវបានចាប់ខ្លួនពីសហគមន៍ ណឺអូស ( Nir Oz) ជិតព្រំដែនតំបន់ហ្កាហ្សា រួមជាមួយនឹងស្វាមីរបស់ពួកគេ ដែលនៅតែត្រូវបានក្រុមហាម៉ាសឃុំឃាំង។
ក្រុមហាម៉ាស បានដោះលែងស្រ្តីទាំងពីរនោះ បន្ទាប់ពីដោះលែងស្ត្រីជនជាតិអាមេរិកម្នាក់ និងកូនស្រីរបស់គេកាលពីថ្ងៃសុក្រ។ ចំណាប់ថ្នូរដែលត្រូវបានដោះលែងទាំងបួននាក់នោះ ត្រូវបានចាប់ខ្លួនក្នុងការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា ដែលក្រុមហាម៉ាសបានសម្លាប់ជនជាតិអ៊ីស្រាអែលជាង ១.៤០០នាក់។

អ៊ីស្រាអែល បានវាយលុកគោលដៅរាប់រយទីតាំងនៅតំបន់ហ្កាហ្សា ពីលើអាកាសកាលពីថ្ងៃចន្ទ ខណៈទាហានរបស់ខ្លួនបានប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធហាម៉ាស អំឡុងពេលវាយឆ្មក់ចូលក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះ ជាទីដែលការស្លាប់កំពុងកើនឡើង ហើយជនស៊ីវិលជាច្រើនត្រូវបានជាប់ក្នុងស្ថានភាពដ៏អាក្រក់៕
