បាល់ទាត់៖ ក្រុមជម្រើសជាតិកម្ពុជានឹងបន្ដការប្រកួត លើទឹកដីកណ្ដាលនាប្រទេសបារ៉ែនសម្រាប់ការប្រកួតសេសសល់ នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2021 ពូល C (ជុំទី២) ដោយត្រូវជួបក្រុមខ្លាំងអ៊ីរ៉ាក់នាវេលាម៉ោង ៩៖៣០នាទីយប់ថ្ងៃទី៧ ខែមិថុនានេះនៅកីឡដ្ឋាន Al Muharraq។

បន្ទាប់ពីរងបរាជ័យច្រើនគ្រាប់ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះបារ៉ែន ក្រុមគោព្រៃកម្ពុជានឹងត្រូវជួបក្រុមកាន់តែខ្លាំងសម្រាប់ប្រកួតសេសសល់ ២ប្រកួតចុងក្រោយនៃបេសកកម្មរបស់ខ្លួន ពោលគឺត្រូវជួបអ៊ីរ៉ាក់ និងអ៊ីរ៉ង់ក្នុងសប្ដាហ៍នេះ ប៉ុន្តែលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាបានជំរុញ និងលើកទឹកចិត្តកូនក្រុមឲ្យត្រៀមខ្លួនដោយក្ដីរីករាយ ដើម្បីត្រៀមជួបក្រុមខ្លាំងទាំងនេះ។ ដោយឡែកគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា លោក Ryu Hirose បានលើកឡើងថា ទោះបីប្រកួតដំបូងកម្ពុជាបានចាញ់បារ៉ែនច្រើនគ្រាប់ក៏ពិតមែន តែសម្រាប់ការប្រកួតយប់នេះលោកនឹងបន្ដរៀបចំ និងលេងតាមរបៀបលេងរបស់ខ្លួន ពិសេសលោកមានជំនឿចិត្តលើកូនក្រុមថា ពួកគេនឹងព្យាយាមធ្វើបានកាន់តែល្អប្រសើរថែមទៀត ក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់យប់នេះ។
គួរដឹងថា ក្រុមជម្រើសជាតិកម្ពុជាអស់ឱកាសប្រជែងកៅអីជុំទី៣ នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកនេះទៅហើយ បន្ទាប់ពីឆ្លងកាត់ ៦ប្រកួតស្មើ១ និងចាញ់៥ ទើបរកបាន ១ពិន្ទុប៉ុណ្ណោះ។ ចំពោះ ២ប្រកួតចុងក្រោយ បន្ទាប់ពីជួបអ៊ីរ៉ាក់យប់នេះ កម្ពុជានឹងត្រូវជួបក្រុមខ្លាំងអ៊ីរ៉ង់វិញម្ដងនាថ្ងៃទី១១ ខែមិថុនាខាងមុខ ដែល ២ប្រកួតចុងក្រោយនេះក៏មានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ៕
អត្ថបទ៖ លី ឈុនឡា